ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបម្រើការនៅក្នុងអង្គការសហប្រជាជាតិ យ៉ាងតិចចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាលក្រោយមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបង្កឡើងដោយក្រុមភេរវករនៅប្រទេសម៉ាលី នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ មិនអាចស្វែងរកការបញ្ជាក់បានទេ រហូតដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែលោកបានឲ្យដឹងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលទីតាំងប្រតិបត្តិការមួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។
តាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ហេតុការណ៍នេះ បានបណ្តាលឲ្យភេរវករម្នាក់ ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកនោះ ស្លាប់នៅនឹងកន្លែង និងបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះ មានពលរដ្ឋខ្មែរ ដែលបម្រើការឲ្យអង្គការសហប្រជាជាតិចំនួន៤នាក់ ដោយមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។ នាយឧត្តមសេនីយ៍បញ្ជាក់ថា សម្រាប់កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នោះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ។
រហូតមកដល់ពេលនេះ ជនរងគ្រោះជនជាតិខ្មែរ ដែលរបួសធ្ងន់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត២ របស់ចិន នៅក្នុងប្រទេសម៉ាលី ចំណែកឯអ្នករបួសស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។
ពលរដ្ឋខ្មែរ ដែលរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ រួមមាន ទី១. លោក ភិន សារ៉ាន់ ជាអតីតបុគ្គលិកបម្រើការ CMAC ដែលបានចាប់ផ្តើមចូលបម្រើការជាអ្នកបកប្រែភាសាជាមួយ UNMAS ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ រងរបួសធ្ងន់ បាក់ឆ្អឹងជំនី និងរបួសក្បាល ទី២. លោក ហ៊ុល សុខហេង ជាអតីតបុគ្គលិកបម្រើការ CMAC រងរួបស្រាល ទី៣. លោក រៀម ឌី ជាអតីតនាយកប្រតិបត្តិការកម្ទេចគ្រាប់មិនទាន់ផ្ទុះក្នុងអង្គការ CMAC រងរបួសស្រាល ទី៤. លោក សំ រដ្ឋា ជាអតីតបុគ្គលិកអង្គការ Hello TRUST រងរបួសស្រាល។
ដោយឡែកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅវេលាខាងលើមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយបង្ក ឡើងដោយក្រុមភេរវករបើករថយន្ត១គ្រឿង ចូលទៅបំផ្ទុះក្នុងទីតាំងស្នាក់ការរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាវប្រទេសម៉ាលី ហើយហេតុការណ៍នេះ បានបណ្តាលឲ្យបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ហើយអ្នករបួសសរុបចំនួន១៤នាក់ និងមានពលរដ្ឋខ្មែរ ដែលធ្វើការជាមួយអង្គការសហប្រជាជាតិចំនួន៤នាក់ផងដែរ។
ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ជនរងគ្រោះជនជាតិខ្មែរដែលរបួសធ្ងន់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត២ របស់ចិននៅក្នុងប្រទេសម៉ាលី ចំណែកអ្នករងរបួសស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិកកណ្តាល បណ្តាលឲ្យកម្លាំងកម្ពុជាចំនួន៤នាក់ បានស្លាប់ភ្លាមៗ៕
Source: Kampuchea Thmey Daily
0 Comments