អនុប្រធានាធិបតីអាមេរិកលោក Mike Pence នៅថ្ងៃព្រហស្បតិ៍បាននាំយក “យុទ្ធនាការដាក់សម្ពាធ” របស់អាមេរិកប្រឆាំងនឹងកូរ៉េខាងជើងទៅកាន់កិច្ចប្រជុំកំពូលនៃមេដឹកនាំពិភពលោកខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថា សម្ព័ន្ធមិត្តសំខាន់ៗរបស់ក្រុងព្យុងយ៉ាងកំពុងបន្ធូរបន្ថយទណ្ឌកម្មដែលដាក់ដោយសារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសសិង្ហបុរីកាលពីដើមឆ្នាំនេះដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនច្បាស់លាស់មួយស្តីពីការរំសាយនុយក្លេអ៊ែរ។ ចាប់តាំងពីពេលនោះមក មានការរីកចម្រើនតិចតួចណាស់ហើយប្រទេសទាំងពីរបានឈ្លោះប្រកែកគ្នាលើអត្ថន័យពិតប្រាកដនៃកិច្ចព្រមព្រៀងនេះ។
កូរ៉េខាងជើងដែលជាប្រទេសក្រីក្រគឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលខ្លួនបានបន្តរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ក្រុងវ៉ាស៊ីនតោនបានទទូចថា ទណ្ឌកម្មត្រូវតែរក្សារហូតដល់កូរ៉េខាងជើងរំសាយនុយក្លេអ៊ែរ។
ប៉ុន្តែក្រុមមន្ត្រីអាមេរិកបានទទួលស្គាល់ថា ការអនុវត្តទណ្ឌកម្មដោយដៃគូពាណិជ្ជកម្មប្រពៃណីរបស់កូរ៉េខាងជើងគឺប្រទេសចិននិងរុស្ស៊ីគឺមានភាពធូរស្រាល។
ទន្ទឹមនឹងនេះ ក្រុងសេអ៊ូលបាននិយាយថា ខ្លួនកំពុងពិចារណាដកវិធានការផ្ទាល់ខ្លួនដែលប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
ក្នុងសុន្ទរកថាបើកនៅឯកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ លោក Pence បាននិយាយថា “ភាពជាដៃគូក្នុងតំបន់របស់សហរដ្ឋអាមេរិកក៏រួមបញ្ចូលទាំងយុទ្ធនាការគាបសង្កត់របស់យើងទាក់ទងនឹងកូរ៉េខាងជើងផងដែរ”។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា “យើងនឹងនិយាយយ៉ាងខ្លាំងអំពីតម្រូវការដើម្បីរក្សាកម្មវិធីសម្ពាធនេះ។ វាគឺជាអ្វីដែលធ្វើឲ្យលោកគីមជុងអ៊ុនមានវត្តមាននៅលើតុចរចា។ វាជារឿងសំខាន់ដែលសម្ពាធនៅតែរក្សា”។
មន្ត្រីអាមេរិកបានទទូចឲ្យមានការបញ្ចប់នុយក្លេអ៊ែរដែលបានផ្ទៀងផ្ទាត់ពេញលេញចេញពីឧបទ្វីបកូរ៉េមុនពេលដែលទណ្ឌកម្មត្រូវបានដកចេញ។
ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានច្រានចោលការទាមទារសម្រាប់អ្វីដែលខ្លួនហៅថាជាការដកអាវុធនុយក្លេអ៊ែរដោយឯកតោភាគី៕ AFP
Source: Kampuchea Thmey Daily
0 Comments