Ad Code

ព្រំ រដ្ឋា ប្រកែក​ពី​កា​ដូ​ឡាន​ Range Rover

ភ្នំពេញ​ ៖ ​ពេល​នេះ​ពិធី​ការិនី​ព្រំ រដ្ឋា ​មិនទាន់​បង្ហើប​ប្រាប់​ពី​គម្រោង​រៀបការ​ជាមួយ​គូស្នេហ៍​ទេ ក្រោយពី​ផ្អឹប​ទុក​គូស្នេហ៍​ជា​មន្ត្រីរាជការ​ដោយ​បាន​អះអាង​ចង់​ពង្រីក​មុខ​ជំនួញ​ឲ្យ​លូតលាស់​រីកចម្រើន​សិន។

គេ​មិន​ដឹងថា ការ​​ផ្អឹប​ចោល​សង្សារ​ដែល​ជា​ចាងហ្វាង​ផលិតកម្ម PR Production នេះ​​មកពី​ចំណង​ស្នេហ៍​របស់​នាង​កំពុង​ជួប​វិបត្តិ​រង្គោះរង្គើ​ ឬ​យ៉ាងណា​នោះទេ ទើប​ធ្វើ​ឲ្យ​នាង​មិន​នឹកនា ចូល​រោងការ​ដើម្បី​ជម្រះ​ចោល​ពាក្យ​រិះគន់​ពី​ទស្សនិកជន។ ផ្ទុយ​ពី​ការ​កើត​មាន​ចម្ងល់​ស្នេហ៍​ផុយ​ស្រួយ​នេះ ថ្មីៗ​នេះ​គេ​ឃើញ​នាង​មាន​ទឹកមុខ​រីករាយ​ប្រាសចាក​ពី​ទុក្ខ​កង្វល់​ ហើយ​តារា​សម្ដែង​រូប​នេះ​ក៏​ទើបនឹង​ប្តូរ​រថយន្ត​ពី​លុច​ស៊ី​ស​៣០០​មក​ជិះ​រថយន្ត​ម៉ាក Range Rover ស៊េរី​២០០៨​ថ្មី​សន្លាង​មួយគ្រឿង​មិនទាន់​ទាំង​ពាក់​ស្លាក​លេខ​ផង។

ការ​ផលិត​ខ្សែភាពយន្ត​រឿង​ភាគ​”​វិថី​នារី​” ឲ្យ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន ​ទាំង​មិនទាន់​ទទួលបាន​ប្រាក់​ពី​ស្ថានីយទូរទស្សន៍​​​នោះ​ផង ទើប​ធ្វើ​ឲ្យ​មតិ​ភាគច្រើន​យល់ថា រថយន្ត​ម៉ាក Range Rover ដែល​នាង​ជិះ​បាន​មួយអាទិត្យ​ជា​កាដូ​លាក់​មុខ​របស់​គូស្នេហ៍​នាង​ជាមិនខាន។

ក្នុង​បទសម្ភាសន៍​មួយ​ព្រំ រដ្ឋា​បាន​និយាយថា នាង​ទើប​ទិញ​រថយន្ត​នោះ​មែន មានតម្លៃ​៨​ម៉ឺន​ដុល្លារ ប៉ុន្តែ​មិនមែនជា​កាដូ​ពី​គូស្នេហ៍​ទេ ព្រោះ​ជា​ប្រាក់​របស់​នាង​ផ្ទាល់ បូករួម​ជាមួយ​ប្រាក់​រថយន្ត​ចាស់​មក​បន្ថែមទៀត។

នាង​ក៏​ឲ្យ​ដឹង​បន្ថែម​ពី​ការទិញ​រថយន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​សម្រេចចិត្ត​ទិញ​រថយន្ត​បណ្តាលមកពី​រថយន្ត​មុន​ចេះតែ​ខូច ពេលខ្លះ​ខូច​នៅ​តាម​ខេត្ត​ ពេល​នាង​ទៅ​ថត​ភាពយន្ត​ទើប​នាង​សម្រេចចិត្ត​លក់​អា​ចាស់​ចោល។ ពាក់ព័ន្ធ ការងារ​សិល្បៈ​នាង​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ពេលនេះ​ខ្សែភាពយន្ត​រឿង​ភាគ​”​វិថី​នារី​”​បាន​ថត​សម្រេច​ប្រមាណ​៦០​ភាគរយ​បញ្ចប់​ប្រហែល​២​ខែ​ទៀត និង​ត្រូវ​ដាក់បញ្ចាំ​ផងដែរ ពេល​បានបញ្ចប់​រឿងនេះ ប៉ុន្តែ​យើង​ក៏​មិនទាន់​ដឹង​ពី​កម្រិត​ជោគជ័យ​បាន​ប៉ុនណា​ទេ។



គេ​ដឹងថា ព្រំ រដ្ឋា​ទោះជា​រឿងនេះ​ពុំ​ទទួលបាន​ការគាំទ្រ​ឬ​ជោគជ័យ​ប៉ុណ្ណា​នោះ​ក៏​នាង​មិន​បោះបង់​អាជីព​នេះដែរ ហើយ​កំពុង​បោះ​ទុន​ផលិត​ខ្សែភាពយន្ត​ថ្មី​រឿងបុរាណ​គ្រោង​ចំណាយ​ដើមទុន​ច្រើនជាង​ពីមុន។ ឯ​រឿង​ស្នេហា​វិញ​នាង​និយាយ​ចុងក្រោយ​ថា នាង​មិន​ចង់​រៀបការ​ពេលនេះ​ទេ ក្រោយពី​ជំនួញ​របស់​នាង​ពុំទាន់​បានសម្រេច​លទ្ធផល​ល្អ​៕

M18-07-15-s




ព្រំ រដ្ឋា ប្រកែក​ពី​កា​ដូ​ឡាន​ Range Rover

Post a Comment

0 Comments

Close Menu