សៀមរាប ៖ មានអ្នកជំងឺដ៏ច្រើនលើសលប់ បានមកទទួលសេវា និង សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទាំងអ្នកនៅក្នុងខេត្តសៀមរាប និងបណ្ដាខេត្តនានានៅជុំវិញ។ មូលហេតុដែលបានលើកបង្ហាញនោះ គឺដោយសារតែមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការផ្តល់សេវាមួយចំនួន ដែលមន្ទីរពេទ្យបង្អែកខេត្តផ្សេងៗមិនទាន់មានដូចជា សេវាលាងឈាម និង ការវះកាត់ធំៗជាដើម និងកត្តាសមត្ថភាពបច្ចេកទេសជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ។
នេះបើយោងតាមសេចក្ដីរាយការណ៍ របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជាមួយនឹងវត្តមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល ( លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ) ក្នុងឱកាសចុះពិនិត្យមើល ការផ្ដល់សេវាសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
លោក ក្រុស សារ៉ាត់ បន្ថែមថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយមិនរើសអើង ជាពិសេស គឺអ្នកក្រក្រោមការអនុវត្តមូលនិធិសមធម៌ សម្រាប់ជួយដល់ពួកគាត់។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បញ្ជាក់ថា ក្នុងស្ថានភាពកំណើនអ្នកជំងឺមកទទួលសេវា និងសម្រាកព្យាបាលជំងឺច្រើន លើសចំនួនគ្រែដែលមន្ទីរពេទ្យមាន ក្រសួងសុខាភិបាលមានគម្រោងនឹងពង្រីកបន្ថែមលទ្ធភាពរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទាំងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងសម្ភារៈបច្ចេកទេសផងដែរ ដើម្បីប្រែក្លាយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ឲ្យទៅជាមន្ទីរពេទ្យទំនើបមួយនៅកម្ពុជា ឆ្លើយតបបាន តម្រូវការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
ឯកឧត្ដមបញ្ជាក់ថា ឆាប់ៗនេះ អាគារធំៗចំនួន២ នឹងត្រូវបានសាងសង់ និង សម្ភារៈបរិក្ខារពេទ្យទំនើបមួយចំនួន នឹងត្រូវបានបញ្ជូនមកដល់ ដែលជាជំនួយរបស់ប្រទេសជប៉ុន និងកូរ៉េ។
ក្រសួង នឹងផ្ដល់គ្រែពេទ្យ សម្រាប់អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ថែមមួយចំនួនទៀត ក្នុងឆាប់ៗនេះ។
នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបច្ចុប្បន្ននេះ ក្នុង១ខែ មានអ្នកជំងឺមកសម្រាកព្យាបាលប្រមាណ ២.០០០នាក់ ទទួលពិនិត្យពិគ្រោះជំងឺប្រមាណជា ៦.០០០នាក់ និងវះកាត់តូច-ធំប្រហែលជាចំនួន៥០០នាក់។
ចំនួនអ្នកជំងឺដែលមន្ទីរពេទ្យទទួល និងផ្តល់សេវាជូននេះ គឺលើសពីចំនួនគ្រែដែលមន្ទីរពេទ្យមាន ចំនួន៣០០គ្រែប៉ុណ្ណោះ ដែលអ្នកជំងឺខ្លះត្រូវសម្រាកផ្ទាល់នៅលើកម្រាលការ៉ូ ។
នេះបើតាមការឲ្យដឹងពីសំណាក់ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ប៉ុន្តែលោកសង្ឃឹមថា ៖ មិនលើសពី៣ឆ្នាំទៀតនោះទេ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងក្លាយទៅជាមន្ទីរពេទ្យទំនើបមួយនៅកម្ពុជា ទាំងផ្នែកព្យាបាលជំងឺទូទៅ និងផ្នែកវះកាត់ ដោយសារតែមន្ទីរពេទ្យមួយនេះមានសម្ភារៈបរិក្ខាពេទ្យទំនើបៗ ក្រោមជំនួយមកពីជប៉ុន និងកូរ៉េ ៕
Source: Kampuchea Thmey Daily
0 Comments