ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថាCDC បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីវិនិយោគលើគម្រោងបើករោងចក្រ សណ្ឋាគារ និងកសិដ្ឋានចំនួន៧គម្រោងដែលសរុបទុនវិនិយោគមានជាង៨០លានដុល្លារអាមេរិក ដោយបង្កើតការងារថ្មីជូនប្រជាជនជាង២ពាន់កន្លែង។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនថ្មីចំនួន៧ដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះរួមមាន ១-ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD ៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ៤៣.៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១,១៤០កន្លែង។ ២-ក្រុមហ៊ុន TJN PROPERTIES CO.,LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន២៣០បន្ទប់ និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣១៥កន្លែង។ ៣-ក្រុមហ៊ុន ASIAN DI YI DIAN LAN CO.,LTD: គម្រោងបង្កើតរោងចក្រផលិតខ្សែអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២.០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៣៣កន្លែង។ ៤-ក្រុមហ៊ុន GRAND PRODUCTION CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ៣.៤២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៤៩កន្លែង។ ៥-ក្រុមហ៊ុន CREDSTAR WASHING & PROCESSING CO.,LTD: គម្រោងបង្កើតរោងចក្របោកគក់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២.១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៨៤កន្លែង។ ៦-ក្រុមហ៊ុន PCAM BEVERAGE CO.,LTD: គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈ និងទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌព្រែកព្នៅ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១១.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៤២០កន្លែង និង៧-ក្រុមហ៊ុន Y SENG CO.,LTD: គម្រោងបង្កើតរោងចក្រផលិតបារី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២.២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣១២កន្លែង (គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពឲ្យធ្វើការវិនិយោគ តែពុំមានការលើកទឹកចិត្ត)៕
Source: Kampuchea Thmey Daily
0 Comments