គណបក្សប្រជាធិបតេយ្យបានដណ្តើមការកាន់កាប់សភាតំណាងរាស្ដ្រកាលពីថ្ងៃអង្គារនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនេះជាបរាជ័យសម្រាប់លោក Donald Trump ប៉ុន្ដែគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីអាមេរិករូបនេះ បានពង្រីកសំឡេងភាគច្រើននៅព្រឹទ្ធសភា។
ដោយប្រកាសដោយលោក Trump ថាជា “ជោគជ័យយ៉ាងធំធេង” នោះ, ជ័យជំនះនៅព្រឹទ្ធសភារបស់គណបក្សសាធារណរដ្ឋនឹងបញ្ចប់ទាំងអស់នូវការពិភាក្សាជាបន្ទាន់ណាមួយស្តីអំពីការប្តឹងចោទប្រកាន់ប៉ុន្តែរដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យនឹងរីករាយជាមួយអំណាចស៊ើបអង្កេតដើម្បីដាក់ការត្រួតពិនិត្យជាថ្មីទៅលើតំណែងប្រធានាធិបតីរបស់គាត់។
បន្ទាប់ពីការបោះឆ្នោតបានបិទនៅ West Coast, លោក Trump បានបង្ហោះ Twitter ដើម្បីកោតសរសើរសមត្ថភាពរបស់គណបក្សគាត់។
ប៉ុន្តែការព្យាករណ៍នានាបាននិយាយថា គណបក្សប្រជាធិបតេយ្យនឹងកាន់កាប់សភាជាលើកដំបូងក្នុងរយៈពេល៨ឆ្នាំដែលនឹងបង្កើនតុល្យភាពនៃអំណាចនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលជាកន្លែងលោក Trump ទទួលភាពសុខសាន្តបន្ទាប់ពីការឈ្នះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលឆ្នាំ២០១៦ដោយគណបក្សសាធារណរដ្ឋបានគ្របដណ្តប់លើសភាទាំងពីរ។
គណបក្សប្រជាធិបតេយ្យដណ្តើមបានអាសនៈយ៉ាងហោចណាស់២៦ពីគណបក្សសាធារណរដ្ឋដោយទទួលបានលទ្ធផលដ៏ល្អក្នុងចំណោមស្ត្រីស្បែក.សនៅជាយក្រុងដែលបានងាកទៅរកលោក Trump កាលពីពីរឆ្នាំមុននិងនៅក្នុងរដ្ឋសមរភូមិសំខាន់ដូចជារដ្ឋ Pennsylvania ជាដើម។
តំណាងរាស្ត្រ Nancy Pelosi ដែលទំនងជាត្រឡប់ទៅកាន់តំណែងជាប្រធានសភាវិញបើទោះបីជាមានការជំទាស់ពីអ្នកប្រជាធិបតេយ្យខ្លះក៏ដោយនោះបានសន្យាថា គណបក្សនេះនឹងធ្វើជាអ្នកប្រឆាំងប៉ុន្តែក៏ធ្វើការជាមួយលោក Trump ផងដែរ។
លោកស្រី Pelosi បានប្រាប់សន្និសីទព័ត៌មានមួយថា “ថ្ងៃនេះគឺលើសពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។ វាគឺអំពីការស្ដារការត្រួតពិនិត្យនិងតុល្យភាពរបស់រដ្ឋធម្មនុញ្ញឡើងវិញចំពោះរដ្ឋបាលលោក Trump ”។
ឥឡូវនេះ គណបក្សប្រជាធិបតេយ្យនឹងអាចរារាំងច្បាប់និងបង្ករឿងក្តៅក្រហាយចំពោះលោក Trump ជាមួយនឹងការស៊ើបអង្កេតអំពីហិរញ្ញវត្ថុរបស់លោកនិងការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦៕ AFP
Source: Kampuchea Thmey Daily
0 Comments