ភ្នំពេញ ៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាប្រធានគណៈកម្មការផលិតទូក ង វែងជាងគេលើពិភពលោកបានឲ្យដឹងថា កម្ពុជានឹងប្រារព្ធពិធីបំបែកកំណត់ត្រាទូកងវែងជាងគេនៅលើពិភពលោក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើមសប្ដាហ៍ក្រោយនេះ នៅតំបន់ត្រើយខាងកើតអ្នកលឿង ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង Guinness World Records និងថ្នាក់ដឹកនាំ មន្ត្រីរាជការសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីពិធីបំបែកកំណត់ត្រាទូកងវែងជាងគេនៅលើពិភពលោក
កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញលោក ស សុខាបានឲ្យដឹងថា សន្និសីទសារព័ត៌មាននាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីការផលិត ទូក ង និងត្រៀមខ្លួនរៀបចំពិធីបង្ហាញវត្តមាន ទូក ង វែងជាងគេនៅលើពិភពលោក ដើម្បីបំបែកកំណត់ត្រាពិភពលោក Guiness World records នៅថ្ងៃទី១២វិច្ឆិកាខាងមុខនេះ។
នេះគឺជាលើកទី៤ហើយដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំបំបែកកំណត់ត្រាពិភពលោក បន្ទាប់ពីលើកទី១-បានបំបែកការធ្វើនំអន្សមយក្សដែលធំជាគេលើលោក។ ទី២-ការរាំចង្វាក់ម៉ាឌីហ្សូន ដែលមានមនុស្សរាំរហូតដល់២០១៧នាក់ និងទី៣-ការត្បាញក្រមាដែលវែងជាគេនៅលើពិភពលោក។
លោកបានបន្តថា ការធ្វើទូកងវែងជាងគេដើម្បីបំបែកកំណត់ត្រាទូកមួយដែលវែងជាងគេនៅលើពិភពលោកនេះ គឺចង់បង្ហាញដល់ពិភពលោកថា កូនខ្មែរពិតជារួបរួមសាមគ្គីគ្នា នឹងអាចធ្វើបាន និងបង្ហាញអំពីសក្ដានុពលទេសចរណ៍ជាច្រើនផ្សេងទៀតរបស់កម្ពុជានៅលើពិភពលោកផងដែរ។
លោក ស សុខា បានបញ្ជាក់ថា គិតចាប់តាំងពីដំណើរធ្វើរហូតមកដល់លេចចេញជារូបរាងទូកជាស្ថាពរនេះ គឺមានរយៈពេលជិត៧ខែមកហើយ ពោលគឺមានចំនួន១៩២ថ្ងៃ។
លោកបានបន្តថា បន្ទាប់ពីពិធីបំបែកកំណត់ត្រានៅថ្ងៃទី១២វិច្ឆិការួច ទូក ង វែងជាងគេលើពិភពលោក នឹងបន្តធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីបង្ហាញខ្លួននៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីដាក់តាំងបង្ហាញដល់សាធារណជន បានទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ នៅវាលព្រះមេរុ រយៈ៧ថ្ងៃ ទៅ១០ថ្ងៃ។
លោកបានបន្ថែមថា បន្ទាប់ពីបង្ហាញខ្លួននៅក្នុងព្រះរាជពិធីបុណ្យអុំទូករួចហើយ ទូក ង វែងជាងគេ នឹងត្រូវយកទៅទុកនៅខេត្តព្រៃវែងវិញ ហើយនឹងសាងសង់សារមន្ទីរនៅក្នុងខេត្ត ដើម្បីតម្កល់ទុកទូក ង វែងជាងគេនេះផងដែរ។
គួរបញ្ជាក់ថា ទូក ង ដែលកម្ពុជាធ្វើ ដើម្បីបំបែកឯកទគ្គកម្មពិភពលោក មានបណ្ដោយប្រវែង៨៧,៣ ម៉ែត្រ និងទទឹង១,៩៤ម៉ែត្រ ជម្រៅ០,៨ម៉ែត្រ ផ្ទុកចំណុះទូកចំនួន១៧៩នាក់ ព្រមទាំងក្បូរក្បាច់រចនាដ៏ ប្រណិតរបស់ខ្មែរសម័យអង្គរ ដោយប្រើប្រាស់ពេលវេលាធ្វើរយៈពេល១៩២ថ្ងៃ។
ទូក ង វែងជាងគេលើពិភពលោកនេះ ក៏ត្រូវបានប្រសិទ្ធិនាមថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានន័យថា “ទូកងរបស់កូនខ្មែររស់នៅ ក្នុងដែនដី កម្ពុជា”។ ទូក ង នេះដែរ មានការចូលរួមឈូសឆាយ ចាំងឈើ និងគាំទ្រ ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត ស.ស.យ.ក ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង១៤.០០០នាក់ ទូទាំងប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments