ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា លោករដ្ឋមន្ត្រី Mike Pompeo បានលុបចោលផែនការទៅជួបជាមួយមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងដែលរួមមានទាំងជំនួយការកំពូលម្នាក់របស់មេដឹកនាំគីមជុងអ៊ុនផងដែរហើយ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បាននិយាយថា កិច្ចពិភាក្សារវាងអ្នកការទូតជាន់ខ្ពស់របស់លោកប្រធានាធិបតី Donald Trump និងគណៈប្រតិភូកូរ៉េខាងជើងដែលគ្រោងនឹងធ្វើឡើងក្នុងទីក្រុងញូវយ៉កនៅថ្ងៃព្រហស្បតិ៍គឺនឹងត្រូវធ្វើឡើងនៅថ្ងៃក្រោយវិញ។
លោកស្រីបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងធ្វើការសាជាថ្មីឡើងវិញនៅពេលដែលកាលវិភាគរបស់យើងអនុញ្ញាត”។
ការប្រកាសនេះបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមមន្ត្រីបាននិយាយថា លោក Pompeo និងលោក Kim Yong Chol ដែលជាដៃស្ដាំរបស់មេដឹកនាំកូរ៉េខាងជើងនឹងពិភាក្សាអំពីភាពជឿនលឿននៃការសម្រេចបានក្នុងដំណើរការឆ្ពោះទៅរកការរំសាយនុយក្លេអ៊ែរចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយកាលពីរដូវក្តៅ។
ថ្វីបើលោក Trump មានពាក្យពេចន៍កក់ក្តៅចាប់តាំងពីលោកបានជួបជាមួយលោកគីមជុងអ៊ុននៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាក៏ដោយប៉ុន្តែរដ្ឋបាលរបស់លោកបានធ្វើឲ្យក្រុងព្យុងយ៉ាងខឹងសម្បាដោយការរក្សាទណ្ឌកម្មលើរបបនេះ។
ក្រសួងការបរទេសកូរ៉េខាងជើងបានព្រមានថា ក្រុងព្យុងយ៉ាងនឹង “ពិចារណាយ៉ាងយកចិត្តទុកដាក់” លើការសើរើឡើងវិញនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនលុះត្រាតែទណ្ឌកម្មត្រូវបានដកចេញ។
ក្នុងការប្រកាសអំពីជំនួបជាមួយលោក Kim Yong Chol, លោក Pompeo បាននិយាយថា លោករំពឹងថានឹងមាន “ការរីកចម្រើនជាក់ស្តែង” មួយចំនួនរួមទាំងការដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូលលើកទីពីររវាងលោក Trump និងលោកគីមជុងអ៊ុនផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments