Ad Code

ម្ចាស់​ផ្ទះ​រវល់​លក់​នៅ​សាលារៀន​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ និង​ទ្រព្យសម្បត្តិ​គ្មាន​សល់​



ស្ទឹងត្រែង ​៖​ ផ្ទះ​ឈើ​ចំនួន​២​ខ្នង​ ដោយ​មួយ​ខ្នង​ប្រក់​ក្បឿង​ ដែលមាន​ទំហំ​ធំ ម្ចាស់ផ្ទះ​រវល់​លក់​នៅ​សាលា​រៀន ត្រូវបាន​អគ្គិភ័យ​ធ្វើការ​ឆាបឆេះ​ផ្ទះ ​និង​ទ្រព្យសម្បត្តិ​គ្មាន​សល់​​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​សាលាខេត្ត​ស្ទឹងត្រែង​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង ​សង្កាត់/ក្រុង/ខេត្ត​ស្ទឹងត្រែង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ម្ចាស់ផ្ទះ​ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​នោះ​មានឈ្មោះ​ វង​ ភេទ​ប្រុស ​អាយុ ៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ ឈុន ធា​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង ​សង្កាត់/​ក្រុង/​ខេត្ត​ស្ទឹងត្រែង​។​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅមុន​កើតហេតុ​គេ​បានឃើញ​មាន​ផ្សែង​​តិចតួច​ទេ មើលទៅ​មិន​សមជា​ឆេះ​ផ្ទះ​នោះទេ គេ​សង្ស័យថា​អាច​ជា​ដុត​កង់ឡាន បន្ទាប់មក​ក៏មាន​ការ​ផ្អើល​ឆោឡោ​ថា​ឆេះ​ផ្ទះ​ទៅវិញ​។​

បន្ទាប់ពី​មានការ​ឆាបឆេះ​អ្នកឃើញ​ហេតុការណ៍​ក៏បាន​គេ​រាយការណ៍​ទៅកាន់​នគរបាល​ផ្នែក​ពន្លត់​អគ្គិភ័យ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង យក​ឡានទឹក​ចំនួន​៣​គ្រឿង​ចុះ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​។ ​តែ​ទោះជា​យ៉ាងណា​នោះ ​គឺ​ផ្ទះ​នោះ បាន​ត្រូវ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ចំណែក​ទ្រព្យសម្បត្តិ​វិញ​ឆេះ​ខ្ទេច​គ្មាន​សល់​។​

ផ្ទះ​ដែល​ឆេះ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ​អាចមកពី​ទុស្សេ​ចរន្ត​អគ្គិសនី បណ្ដាល​ឲ្យ​ឆេះ​តែម្ដង ផ្ទះ​ដែល​ឆេះ​នោះ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១១​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ និង​មួយ​ខ្នង​តូច​ប្រក់​ស័ង្កសី​។

ផ្ទះ​ដែល​ឆេះ​នោះ ​បាន​ប្រើ​រថយន្ត​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ ទឹក​ចំនួន​៤​ឡាន​ ទើប​ធ្វើការ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​មិនមាន​ការឆ្លង​ទៅផ្ទះ​ផ្សេង​នោះ​ទេ​។

ចំណែក​ឯ​ទំហំ​ខូចខាត ទ្រព្យសម្បត្តិ​ផ្ទះ​២​ខ្នង​នោះ​មិនត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ​ទេ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu