ប៉ូលិសអង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារថា បុរសចំនួន៦នាក់ ត្រូវបានចាប់ខ្លួនដោយសារតែវីដេអូមួយដែលបង្ហាញពីក្រុមមនុស្សនាំគ្នាសើច ខណៈដុតគំរូនៃអគារ Grenfell Tower ។
ប្លុកផ្ទះល្វែងនៅទីក្រុងឡុងដ៍បានឆាបឆេះកាលពីខែមិថុនាឆ្នាំមុនដោយឆក់យកជីវិតមនុស្សចំនួន៧១នាក់។ វាជាអគ្គិភ័យឆេះលំនៅដ្ឋានដ៏អាក្រក់បំផុតរបស់ប្រទេសអង់គ្លេសចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
វីដេអូឃ្លីបដែលបង្ហោះតាមអនឡាញមួយនេះបានបង្ហាញពីរូបតំណាងដ៏ធំមួយដោយមានសរសេរឈ្មោះថា “Grenfell Tower” ដែលមានរូបមនុស្សក្រដាសនៅតាមបង្អួចហើយត្រូវបានគេដាក់ដុតនៅលើរងើកភ្លើង។ សំឡេងសើចសប្បាយត្រូវបានគេឮ។
ប៉ូលិសក្រុងឡុងដ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សទី៦ត្រូវបានចាប់ខ្លួនដោយសារតែសង្ស័យពីបទល្មើសសណ្តាប់ធ្នាប់សាធារណៈជាប់ទាក់ទងជាមួយការស៊ើបអង្កេតមួយចូលទៅក្នុងវីដេអូដែលបង្ហោះតាមអ៊ីនធឺណិតដែលបង្ហាញពីគំរូនៃអគារ Grenfell Tower កំពុងឆាបឆេះ”។
បុរសទាំងអស់ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេបានប្រគល់ខ្លួននៅភាគខាងត្បូងទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។
នៅក្នុងវីដេអូនេះ អ្នកឈរមើលអាចត្រូវបានគេឮនិយាយថា “ជួយខ្ញុំផង! ជួយខ្ញុំផង!”, “លោតចេញពីបង្អួចទៅ!” និង “នោះហើយជាអ្វីដែលកើតឡើងនៅពេលពួកគេមិនបង់ថ្លៃឈ្នួល”។
អង្គការ Grenfell United សម្រាប់អ្នករស់រានមានជីវិតនិងអ្នកដែលត្រូវគ្រួសារស្លាប់ចោលបានបង្ហោះ Twitter ថា “វាគឺជាវីដេអូដ៏គួរឲ្យខ្ពើមរអើម។ វាមិនត្រឹមតែធ្វើឲ្យអ្នករស់រានមានជីវិតនិងអ្នកដែលបាត់បង់គ្រួសារមានការអាក់អន់ចិត្តប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជាការស្អប់ខ្ពើមនិងប្រមាថដល់មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ផងដែរ”។
រងើកភ្លើងមានលក្ខណៈប្រពៃណីក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី៥ខែវិច្ឆិកាដែលជាការរំលឹកដល់ផែនការមួយដើម្បីបំផ្ទុះសភាក្នុងឆ្នាំ១៦០៥ប៉ុន្តែផែនការនោះត្រូវបរាជ័យ។ រូបតំណាងរបស់អ្នករៀបគម្រោងឈ្មោះ Guy Fawkes ត្រូវបានគេដុត៕ AFP
Source: Kampuchea Thmey Daily
0 Comments