កំពង់ស្ពឺ ៖ បុរសម្នាក់យកកូនកាំបិតអារកប្រពន្ធខ្លួនឯង ដោយសារតាមទាន់ប្រពន្ធលួចមានសហាយ នៅចំណុចការដ្ឋានសាងសង់សំណង់ ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧និង៥០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ ភ័ណ្ឌ អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងខ្យង ឃុំបាកាន ខេត្តពោធិ៍សាត់។
នគរបាលបន្តថា ជនរងគ្រោះមានឈ្មោះ ស្រី នី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តមណ្ឌលគីរី បច្ចុប្បន្នទាំងពីរនាក់ជាកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ប្រភពបន្តថា នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យ និងមិត្តរួមការងារបានទិញស្រាយកមកផឹកជុំគ្នាដែលនៅឆ្ងាយពីកន្លែងសម្រាករហូតដល់ស្រវឹងរៀងខ្លួន និងបានបែកគ្នាទៅរកកន្លែងដេក។
នៅពេលជនសង្ស័យដើរមកកន្លែងដេក ស្រាប់តែស្តាប់ឮប្រពន្ធកំពុងនិយាយទូរស័ព្ទជាមួយប្រុស ក៏ឈ្លោះប្រកែកគ្នា និងបានបោកទូរស័ព្ទចោល រួចទាញកូនកាំបិតអារ.កប្រពន្ធបណ្ដាលឲ្យរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលតែម្ដង។
ក្រោយពីកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តហើយជនសង្ស័យត្រូវបាននគរបាលជំនាញឃាត់ខ្លួន និងបានបញ្ជូនមកកាន់ស្នងការ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments