ភ្នំពេញ ៖ តារាកំប្លែង និងសម្ដែង ដែលត្រូវជាកូនស្រីសំណព្វចិត្តរបស់លោក សុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័រ កញ្ញា វ៉ាន់ នីឡា ថ្មីៗនេះ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកទម្លាយ និងចែករំលែកនូវរូបភាពស្និទ្ធស្នាលថតកៀកកើយជាមួយបុរសវ័យប្រហែលគ្នា ខណៈមានការសង្ស័យថាអាចត្រូវជាសង្សារថ្មីរបស់នាង។
ការបែកធ្លាយរូបភាពថតស្និទ្ធស្នាលរវាងតារាស្រី កញ្ញា វ៉ាន់ នីឡា និងបុរសវ័យក្មេងរូបនេះបាននិងកំពុងក្លាយជាប្រធានបទក្ដៅសម្រាប់មហាជន និងអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយក្នុងនោះក៏មានការលើកឡើងថា បុរសម្នាក់នេះ គឺត្រូវសង្ស័យថាជាសង្សារថ្មីរបស់តារាស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា ទៀតផង។ មិនតែប៉ុណ្ណោះក៏មានខ្លះទៀតនិយាយថា ការពិតមិនអាចបិទបាំងបានរហូតនោះទេ។
ថ្វីត្បិតតែមានការបែកធ្លាយ និងចែករំលែករូបភាពស្និទ្ធស្នាលរបស់ កញ្ញា វ៉ាន់ នីឡា និងបុរសវ័យក្មេងក្មេងខាងលើ រួមជាមួយការសង្ស័យពីទស្សនិកជនដូច្នេះក៏ពិតមែន គឺគិតរហូតមកទល់ពេលនេះនៅមិនទាន់មានការប្រតិកម្ម និងចេញមុខបំភ្លឺណាមួយពីសាមីខ្លួន កញ្ញា វ៉ាន់ នីឡា បញ្ជាក់ប្រាប់មហាជននូវការពិតនៅឡើយទេ។
គេធ្លាប់ចាំបានថា តារាស្រី កញ្ញា វ៉ាន់ នីឡា កន្លងមកក្រោយពេលផ្ដាច់ពាក្យជាមួយអតីតគូដណ្ដឹងដែលជាកូនថៅកែល្ខោនហើយនោះ នាងក៏ធ្លាប់ទម្លាយរូបភាពស្និទ្ធស្នាលជាមួយបុរសវ័យក្មេងម្នាក់ផងដែរ។ ខណៈកាលនោះ ក៏មានការសង្ស័យផងដែរថា បុរសម្នាក់នោះត្រូវជាសង្សាររបស់នាង ប៉ុន្តែភ្លាមៗនោះដែរក៏ត្រូវបានសាមីខ្លួន កញ្ញា វ៉ាន់ នីឡា បញ្ចេញប្រតិកម្មដោយបញ្ជាក់ថាត្រឹមជាមិត្តភ័ក្ដិរាប់អានគ្នាធម្មតាប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments