កាលពីថ្ងៃអង្គារ មន្ត្រីបារាំង បានប្តេជ្ញាពិនិត្យមើលរាល់អគារលំនៅដ្ឋានដែលមិនសមស្របទាំងអស់នៅក្នុងទីក្រុង Marseille ខណៈដែលកំហឹងបានផ្ទុះឡើងជុំវិញការដួលរលំនៃអគារចំនួនពីរនៅក្នុងទីក្រុងសមុទ្រមេឌីទែរ៉ាណេមួយនេះ ដែលនៅទីនោះមនុស្សរហូតដល់ទៅ៨នាក់ត្រូវបានគេព្រួយបារម្ភថាស្លាប់។
សាកសពចំនួន៤នាក់ត្រូវបានរកឃើញកាលពីថ្ងៃអង្គារនៅក្រោមកម្ទេចកម្ទីបាក់បែកនៃអគារ ទ្រុឌទ្រោមដែលបានបាក់ស្រុតភ្លាមៗនៅព្រឹកថ្ងៃចន្ទក្នុងសង្កាត់ Noailles កណ្តាលទីក្រុងកំពង់ផែមួយនេះ។
រដ្ឋអាជ្ញា Xavier Tarabeux បានប្រាប់ AFP ថា អ្នកស្លាប់រួមមានស្ត្រី២នាក់និងបុរស២នាក់។
គាត់បាននិយាយថា វាទំនងជាមានអ្នកស្នាក់ចំនួន៥នាក់និងភ្ញៀវបីនាក់នៅក្នុងអគារមួយនៅពេលដែលវាបានដួលរលំ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា សាកសពទាំងនោះមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ។
លោក Christophe Castaner រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់សមាជិកសភាក្នុងទីក្រុងប៉ារីសថា លោកបានបញ្ជាឲ្យមានការពិនិត្យពីអគារមួយទៅអគារមួយមុនពេលមានកម្មវិធីមួយដើម្បីធានាលក្ខខណ្ឌសុវត្ថិភាពរួមជាមួយអាជ្ញាធរក្រុង Marseille ។
លោកបាននិយាយថា “អចលនទ្រព្យជិត៦,០០០ត្រូវបានគេកំណត់ថាមានហានិភ័យ” ។
ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកយ៉ាងល្អិតល្អន់នូវអ្វីដែលបន្សល់ទុកនៅក្នុងអគារ។ អគារជាប់គ្នាទី៣បានដួលរលំដោយផ្នែកកាលពីយប់ថ្ងៃចន្ទ។
អ្នកស្រុកបាននិយាយកាលពីថ្ងៃអង្គារថា ហានិភ័យរចនាសម្ព័ននៃអគារនិងកន្លែងផ្សេងទៀតគឺត្រូវបានគេដឹងយ៉ាងទូលំទូលាយប៉ុន្តែមន្ត្រីទីក្រុងបានធ្វើតិចតួចណាស់នៅពេលដែលពួកគេបានប្រាប់អំពីរឿងនេះ។
លោក Patrick Lacoste អ្នកនាំពាក្យក្រុមសកម្មភាពលំនៅដ្ឋានក្នុងស្រុកមួយបាននិយាយថា “មនុស្សគ្រប់គ្នាបានដឹងអំពីបញ្ហានេះជាមួយនឹងអគារបាក់បែកទាំងពីរ”។
ចំណែកស្ត្រីម្នាក់ដែលមានឈ្មោះ Sophie បាននិយាយថា “វាមានរយៈពេល១០ឆ្នាំហើយដែលខ្ញុំបានរស់នៅទីនេះហើយខ្ញុំមិនដែលឃើញនរណាម្នាក់មកពិនិត្យមើលផ្ទះល្វែងរបស់ខ្ញុំទេ”។ អ្នកជិតខាងរបស់នាងនិយាយថា នាងមិនបានឃើញអ្នកត្រួតពិនិត្យណាម្នាក់ទេក្នុងរយៈពេល២៧ឆ្នាំមកនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments