បន្ទាយមានជ័យ ៖ កសិករម្នាក់ បានរងគ្រោះរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលដឹកស្រូវតាមគោយន្តកន្ត្រៃ ចេញពីស្រែ ត្រូវរថយន្តទំនើបបើកបរដោយតៃកុងក្នុងស្ថានភាពស្រវឹង បុកគោយន្តនោះពេញទំហឹង កាលពីម៉ោង៩យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងកើតសាលាក្រហម ស្ថិតក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុខាងលើ មានគោយន្តកន្ត្រៃដឹកស្រូវមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស (ស្លាកលេខត្រូវបានម្ចាស់ដោះចេញក្រោយបង្កគ្រោះថ្នាក់) បើកបរដោយក្មេងជំទង់ឈាមរាវ ក្នុងស្ថានភាពស្រវឹងស្រាផងនោះ បោះពួយយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បុកគោយន្តកន្ត្រៃផ្នែកកន្ទុយខាងឆ្វេង បណ្ដាលឲ្យគោយន្តរេក្រឡាប់ក្បាលចុះក្រោម កំពប់ស្រូវរាយប៉ាយពេញផ្លូវ និងបង្កឲ្យអ្នកបើកគោយន្តម្នាក់រងរបួសធ្ងន់។
ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបានចុះពីលើរថយន្តទៅវាយអ្នកបើកគោយន្តកន្ត្រៃទាំងកំហឹង និងចោទថា មកពីអ្នកបើកគោយន្តនេះឯងដែលធ្វើឲ្យខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍។
ជាមួយនឹងករណីហិង្សាខាងលើ អ្នកបើកបរគោយន្តកន្ត្រៃ ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះ មានបុរសម្នាក់បានចេញមុខបកស្រាយថា មិនបានវាយអ្នកបើកគោយន្តនោះទេ តែអ្នកបើកគោយន្តនោះទេដែលឈ្លើយ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះដល់ចំណុចកើតហេតុ ធ្វើការវាស់វែង រៀបចំសណ្ដាប់ធ្នាប់លើផ្លូវសម្រួលចរាចរណ៍ និងយករថយន្តបង្ក និងគោយន្តមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments