Ad Code

រាជរដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​ជាង​២៥​ពាន់​លាន​រៀល​ ដល់​កម្មករ​និយោជិត ជា​ស្ត្រី​សម្រាល​កូន​ជាង​៦​ម៉ឺន​នាក់​



​ភ្នំពេញ ​៖​ រាជរដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​ជាង​២៥​ពាន់​លាន​រៀល​ ដល់​កម្មករនិយោជិត ជា​ស្ត្រី​សម្រាល​កូនជាង​៦​ម៉ឺន​នាក់ ​ដើម្បី​ជួយ​គាំពារ​ដល់​សុខភាព​ស្ត្រី​ និង​ទារក​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែម​ទៀត​។​

លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​មានប្រសាសន៍ថា​ ចាប់ពី​ថ្ងៃទី​១ ខែ​មករា ​ឆ្នាំ​២០១៨​ មកដល់​ថ្ងៃទី​២៥​ធ្នូ​នេះ ​រាជរដ្ឋាភិបាល​តាមរយៈ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បានផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​ជាង​២៥​ពាន់​លាន​រៀល​ដល់​កម្មករ​និយោជិត​ជា​ស្ត្រី​សម្រាល​កូនជាង​៦​ម៉ឺន​៣​ពាន់​នាក់ ​ដែល​មានកូន​ចំនួន ជាង​៦​ម៉ឺន​៤​ពាន់​នាក់​។​

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​-​ទទួល​ប័ណ្ណ​សមាជិក ប​.​ស​.​ស ជាង​ពាន់​ប័ណ្ណ ជូន​ដល់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពី​រសៀល​ថ្ងៃទី​២៥​ធ្នូ​ កន្លងទៅនេះ​លោក អ៊ុក សមវិទ្យា ​បាន​បន្តថា​ ការផ្តល់​ថវិកា​ដល់​កម្មករ​និយោជិត​ជា​ស្ត្រី​សម្រាលកូន​នេះ​ គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​សេវា​គាំពារ​សង្គម កំណើន​ប្រជាជន​កម្ពុជា​និង​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​បងប្អូន​កម្មករ​និយោជិត​ផងដែរ​។​

ជាមួយគ្នានេះដែរ លោក​បាន​បន្ថែមទៀតថា​ រាជរដ្ឋាភិបាល​កម្ពុជា ​ក៏បាន​សម្រេច​ផ្តល់ប្រាក់​ឧបត្ថម្ភ ដល់​កម្មការិនី​ក្រៅ​ប្រព័ន្ធ ដែល​ទើប​សម្រាលកូន ឲ្យ​ទទួល​បាន​របប​ប្រាក់ឧបត្ថម្ភ​បន្ថែម​ផងដែរ​ក្នុង​ នោះ​រួមមាន ​សម្រាល​បានកូន​ម្នាក់ ទទួលបាន​ថវិកា​៤០​ម៉ឺន​រៀល សម្រាល​បានកូន​ភ្លោះ​ពីរបាន ៨០​ម៉ឺន​រៀល​ និង​សម្រាល​បាន​កូន​ភ្លោះ​បី ទទួល​បាន​ថវិកា​ចំនួន​១​លាន​២០​ម៉ឺន​រៀល​ដូច​កម្មករ​ក្នុង​ប្រព័ន្ធ​ដែរ​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ មកដល់​បច្ចុប្បន្ននេះ​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឬ​ប​.​ស​.​ស បាន​អនុវត្ត​ការងារ​ចុះបញ្ជី​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ​ដើម្បី​ទទួលបាន​សេវា​មូលនិធិ​សមធម៌​សុខាភិបាល​បាន​ចំនួន​២៣ ១៨៣ សហគ្រាស​ និង​កម្មករនិយោជិត​សរុប​ចំនួន​១៣៧.៨៤៥​នាក់។​

អ្នកស្រី គាត ច័ន្ទ​ថា រស់នៅ​ខេត្ត​ស្វាយរៀង​ជា​កម្មករ​រោងចក្រ​ដែល​ទើប​សម្រាលកូន​ថ្មីៗ​នេះ​បាន​ថ្លែង​អំណរគុណ​ចំ ពោះ​រាជរដ្ឋាភិបាល​ដែល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​ដល់​អ្នកស្រី​ ក៏ដូចជា​កម្មករ​ជា​ស្ត្រី​សម្រាលកូន​ជាច្រើន​ទៀត​។​
​អ្នកស្រី​បាន​មានប្រសាសន៍​ថា ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ទាំងនេះ ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការជួយ​សម្រាល​នូវ​ការលំបាក​បាន​មួយចំណែក​ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ ពិសេស​នៅ​ក្នុង​អំឡុងពេល​សម្រាល​កូន​តែម្ដង​។​

គួរ​បញ្ជាក់​ថា​ ការផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​កម្មករ​នេះ​ បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០១៨​កន្លង​ទៅនេះ ហើយ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​ ខាងមុខ ​រដ្ឋាភិបាល​ នឹង​អនុវត្ត​គោលនយោបាយ​ថ្មី​មួយទៀត​សម្រាប់​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ ដែលមាន​ប័ណ្ណ​ក្រីក្រ​ដោយ​ទទួល​បាន​ការពិនិត្យ​ផ្ទៃពោះ ​និង​ការ​សម្រាលកូន​ដោយ​ឥតគិតថ្លៃ​ ព្រមទាំង​ទទួល​បាន​ការឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិបាល​ជិត​២០០​ដុល្លារ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu