ភ្នំពេញ ៖ កញ្ញា ទេព បូព្រឹក ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយដួងរបស់ ផលិតកម្ម រស្មីហង្សមាស បានស្រែកទ្រហោយំ បង្ហាញពីការឈឺចាប់យ៉ាងខ្លាំង ខណៈដែលនាងកំពុងតែច្រៀងសុខៗ ត្រូវយុវជនម្នាក់ ដែលគេសង្ស័យថា ជាសាច់ញាតិរបស់ម្ចាស់ហាង យកកំប៉ុងស្រាបៀរគប់លើកញ្ញា បណ្តាលឲ្យនាងខ្មាសគេពេញហាងនោះ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជនីយដ្ឋាន "សមុទ្រ" តាមបណ្ដោយផ្លូវលេខ១១៨ ក្បែរមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កញ្ញា ទេព បូព្រឹក បានរៀបរាប់ទាំងក្ដីឈឺចាប់ថា កាលដែល កញ្ញា បានមកភោជនីយដ្ឋានខាងលើនេះ គឺ ដើម្បីត្រៀមច្រៀង៦បទ រួចទើបបន្តទៅច្រៀងមួយកន្លែងទៀត តែនៅពេល កញ្ញា មកដល់ហាងម៉ោង៩និង៥០នាទី ខណៈដែលកញ្ញាត្រូវច្រៀងនៅម៉ោង១០ ស្របពេលនោះបានធ្វើឲ្យម្ចាស់ហាងខឹងមិននិយាយអីទាំងអស់។
ប្រភពព័ត៌មានបានបន្តថា ខណៈដែល កញ្ញា កំពុងតែច្រៀង ស្រាប់តែមានយុវជនម្នាក់ ដោយគេសង្ស័យថា ជាកូនម្ចាស់ហាង ឬជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រារបៀ មកគប់ដាក់រូបនាង ធ្វើឲ្យកញ្ញាខឹងសំបារយ៉ាងខ្លាំង និងទ្រហោយំ បង្ហាញពីការឈឺចាប់យ៉ាងខ្លាំងបំផុត។ ចំណែកជនបង្ក ក្រោយពីមានការភ្ញាក់ផ្អើល បានគេចខ្លួនបាត់ពីហាងបាត់ស្រមោល។
ជាមួយគ្នានោះដែរ តារាចម្រៀងជី ដេវីត ដែលជាគូស្នេហ៍របស់ កញ្ញា ទេព បូព្រឹក បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក មិនដែលមានទំនាស់ជាមួយជនបង្កនោះទេ ហើយលោក ដេវីត បានស្នើសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី។
ចំពោះករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ ភាគីបង្កបានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នានៅកន្លែងកើតហេតុបាននោះទេ។ បន្ទាប់មក កញ្ញា ទេព បូព្រឹក ត្រូវបានលោកជី ដេវីត យករថយន្តស៊េរីទំនើបមកដឹកចេញពីកន្លែងហេតុបាត់ទៅដែរ៕
Source: Kampuchea Thmey Daily
0 Comments