Ad Code

បាត់​ចៅប្រុស​១​យប់​ ព្រឹក​ឡើង​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​



ភ្នំពេញ​ ៖ ​សព​យុវជន​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ ដោយ​មាន​ស្នាមរបួស​រយះ​ក្បាល ​ហើយ​របស់របរ​នៅ​រាយប៉ាយ​ក្បែរ​ខ្លួន​សព​ ដែល​គេ​សន្និដ្ឋាន​ថា ​អាច​មាន​ជន​ដៃដល់​តាម​វាយ​ដោយ​គំនុំ។

ហេតុការណ៍​នេះ ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ​ថ្ងៃទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨ លើ​ដី​ឡូត៍​ចាក់​ថ្មី មាត់​ប្រឡាយ តាម​ផ្លូវ​៣០​ម៉ែត្រ មុខ​រោងចក្រ​អំបោះ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ខណៈដែល​ពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ​៣០​ម៉ែត្រ នៅវេលា​ម៉ោង​ខាង​លើ ស្រាប់តែ​ប្រទះឃើញ​សាកសព ដេកស្លាប់​ផ្កាប់មុខ នៅ​ដី​ឡូត៍ មាត់​ប្រឡាយ ទើប​ផ្អើលឆោឡោ រាយការណ៍​ប្រាប់​សមត្ថកិច្ច ព្រោះ​សង្ស័យ​ជា​ករណី​ឃាតកម្ម ខណៈ​ដែល​ជនរងគ្រោះ មាន​ស្នាម ដាច់​រយះ​ក្បាល ហូរឈាម តែ​ទោះជា​យ៉ង​ណា​ក្តី សមត្ថកិច្ច ចុះ​ទៅដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ សាកសួរ​ស្រាវជ្រាវ​ជាមុនសិន។​ ដោយឡែក​សម្ភារៈ​របស់​របរ​ជនរងគ្រោះ​ដូចជា​ ម៉ូតូ​ម៉ាក​ស្កូពី​មួយ​គ្រឿង ​ទូរស័ព្ទ ​និង​របស់​ផ្សេងៗ​ទៀត​មិនមាន​បាត់បង់​ទេ។​

ខណៈដែល​សមត្ថកិច្ច កំពុង​សាកសួរ​ពលរដ្ឋ​ជុំវិញ​រឿងហេតុ​ខាងលើ ក៏​លេចមុខ​ស្ត្រី​ចំណាស់​ម្នាក់ មក​អះអាងថា ​សព​នេះ​ជា​ចៅប្រុស​របស់គាត់ រស់នៅ​ជាមួយ​គាត់​ ដែល​ជនរងគ្រោះ ឈ្មោះ ស្រៀ​ង សីលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ជាង​ជួសជុល​ទូរស័ព្ទ នៅ​ផ្សារ​អូឡាំពិក ស្នាក់នៅ​ជាមួយ​ជី​ដូន ឈ្មោះ លុច សៀង ហ៊ុន អាយុ​៦១​ឆ្នាំ នៅ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល។ ​ឪពុក​ឈ្មោះ វ៉ាន ស្រៀ​ង អាយុ​៤៨​ឆ្នាំ មាន​ម្តាយ ឈ្មោះ សឿង ហុង អាយុ​៣៥​ឆ្នាំ មាន​បងប្អូន​ចំនួន ៤​នាក់ ស្រី​១ ប្រុស​៣ ជនរងគ្រោះ​ជា​កូន​ទី​២។​

តាម​ការបំភ្លឺ​ពី​ស្ត្រី​ជា​ជីដូន​បាន​ឲ្យ​ដឹងថា កាលពី​ព្រលប់​ចៅប្រុស​របស់គាត់​បាន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភ័ក្ដិ នៅ​ម្តុំ​ពោធិចិនតុង ក្នុង​យប់​ថ្ងៃទី​២៥​ ខែធ្នូ ឆ្នាំ​២០១៨ លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល​ ដោយ​បាត់​ចៅ​យូរពេក ​គាត់​ក៏​ខ​ល​ទៅ​សួរ​ម្តង ពេលនោះ​ចៅប្រុស​ប្រាប់ថា «​ចេញទៅ​ឥឡូវ​ហើយ​» តែ​នៅតែ​មិនឃើញ​ដល់ផ្ទះ​ទៀត លុះដល់​ម៉ោង​១២​រំលង​អធ្រាត្រ ចូល​ថ្ងៃទី​២៦ ខែ​ធ្នូ នេះ​ គាត់​ទូរស័ព្ទ​ទៅ​ម្តងទៀត ចូល​តែ​មិន​លើក បាត់​ដំណឹង​រហូត​តែម្ដង លុះ​មកដល់​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក​នេះ ​ស្រាប់តែ​មានការ​ផ្អើលឆោឡោ​ថា​មាន​មនុស្ស​ស្លាប់ ពេល​មក​មើល​ទើប​ដឹង​ថា​ជា​ចៅ​ខ្លួនឯង​ទៅវិញ។​

នៅ​កន្លែងកើតហេតុ​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា​ ករណីនេះ​ អាចមាន​ជនសង្ស័យ​ស្ទាក់​វាយ កាប់​ជនរងគ្រោះ​រុញ​ទម្លាក់​ទឹក សង្ស័យ​មានរឿង​រ៉ាវ ​ឬ​គំនុំ​នៅ​កន្លែង​ផឹកស៊ី ហើយ​ជនរងគ្រោះ មិន​ទាន់​ស្លាប់​បាន​ស្រវា​ឡើងគោក ​ហើយ​ដាច់ខ្យល់​ស្លាប់​តែម្ដង ​ព្រោះ​ជើងខោ​របស់​ជនរងគ្រោះ​សើម​ទទឹកជោក ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu