ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់មួយរំពេច ខណៈដែលកំពុងដេកលក់លើគ្រែ ហើយវាសដៃទៅប៉ះចំមុខតំណខ្សែភ្លើងកង្ហារដាក់ក្បែរខ្លួននោះ បណ្តាលឲ្យឆក់ធ្លាក់ពីលើគ្រែប្រកាច់ស្លាប់ភ្លាមៗគ្មានអ្នកណាជួយទាន់ឡើយ កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ឈ្មោះ ហ៊ីង វណ្ណដេត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅផ្ទះកើតហេតុ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដេកសម្រាកនៅលើគ្រែក្នុងផ្ទះ ដោយមានដាក់កង្ហារលើគ្រែក្បែរខ្លួនផង ហើយខណៈដែលជនរងគ្រោះកំពុងដេកលក់នោះ ដោយមិនបានដឹងខ្លួន ក៏វាសដៃប៉ះចំខ្សែកង្ហារដាច់រលាត់បណ្ដាលឲ្យឆក់ប្រកាច់ធ្លាក់ពីលើគ្រែស្លាប់ភ្លាមៗតែម្ដង។
ម្ដាយជនរងគ្រោះបានឲ្យដឹងថា ពេលនោះគាត់ឮសំឡេងធ្លាក់ គាត់ស្ទុះមកមើល ស្រាប់តែឃើញកូនរបស់គាត់ប្រកាច់ ហើយខំស្រែកហៅឪពុកមកជួយមើលកូន តែមួយសន្ទុះក្រោយមកកូនប្រុសរបស់គាត់បានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សព ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យធ្វើកោសល្យវិច័យ ហើយឃើញថា សាកសពខាងលើពិតជាស្លាប់ ដោយសារឆក់ស្លាប់ពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកន្លែងកើតហេតុដោយមិនបានប្ដឹងផ្ដល់អ្វីឡើយ ៕
Source: Kampuchea Thmey Daily
0 Comments