ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅ វេលាម៉ោង៧និង៣០ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ ១៥.៦០៦ នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ នេះគឺជាជំនួបលើកចុងក្រោយហើយសម្រាប់ឆ្នាំ២០១៨។
ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក ដែលមានចំនួនសរុបប្រមាណ ៥៩៦.១១៩នាក់។ពិធីសំណេះសំណាលធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
រោងចក្រទាំង២២នេះ មានរោងចក្រសហគ្រាសចំនួន១៥ នៅក្នុងខេត្តកណ្តាល និងមានកម្មករនិយោជិតប្រមាណ១០.៦៣២នាក់ និងមកពីខេត្តកំពង់ស្ពឺចំនួន៧ មានកម្មករ និយោជិតប្រមាណ ៤.៩៧៤នាក់។ រោងចក្រ សហគ្រាសទាំង២២នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៤, កូរ៉េចំនួន១ និង ខ្មែរ ចំនួន៧។ រោងចក្រសហគ្រាសទាំង ២២ នេះ មានរោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន៧,ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន៤, ផលិត កេសកាតុងចំនួន២, ផលិតផ្លែសន្ទូចចំនួន១, ផលិតអំពូលភ្លើងចំនួន១,ផលិតនំចំនួន១,ផលិតដបទឹកសុទ្ធចំនួន១ និងរោងចក្រកិនស្រូវចំនួន៣។ ផលិតផល នៅរោងចក្រទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រសហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករនិយោជិតសរុប ១៥៥.១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុប៣៧២លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៧០ មានកម្មករនិយោជិតចំនួន១៣៧.៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង៣៣០លានដុល្លារក្នុងមួយឆ្នាំ។
ចំណែកខេត្តកំពង់ស្ពឺ សព្វថ្ងៃនេះមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិត ១០២.៧៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ២៤៧លានដុល្លារក្នុងមួយឆ្នាំ។
ក្នុងនោះ រោងចក្រកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរមានចំនួន១០៩ មានកម្មករ និយោជិតចំនួន៩៦.៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញដំណើរចុះសំណេះសំណាលជាមួយកម្មករកម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្ន សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបចំនួន៦១លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ៨៧៥.១៧៣នាក់។
តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ។ បានធ្វើឲ្យប្រាក់ចំណូលរបស់កម្មករ និយោជិត មានការកើនឡើង និង បានកាត់បន្ថយនូវចំណាយផ្សេងជាច្រើន៕
Source: Kampuchea Thmey Daily
0 Comments