Ad Code

ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សេវា​ទីប្រឹក្សា​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​តាខ្មៅ



ភ្នំពេញ ៖ នៅ​ទីស្ដីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សេវា​ទីប្រឹក្សា នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​តាខ្មៅ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co., Ltd ។



ពិធី​នេះ​ប្រព្រឹត្ត​ឡើង កាលពី​ថ្ងៃ​ពុធ ៤​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង Dohwa Engineering Co., Ltd ជាច្រើនរូប​ផងដែរ។



សូម​ជម្រាប​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ឥណទាន​ពី​ធនាគារ នីហរ័ណ អាហរ័ណ កូរ៉េ សម្រាប់ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​តាខ្មៅ ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង ៦៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដែលមាន​សមត្ថភាព​ចម្រោះ​ទឹក បាន ៧៦០០​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ និង​សាងសង់​ស្ថានីយ​បូមទឹក​ចំនួន ១០​ទីតាំង ដែល​មាន​សមត្ថភាព​អាច​បូម​បាន ២៩​៩៥២ម៉ែត្រ​គីប ក្នុង​មួយថ្ងៃ សាងសង់​បណ្តាញ​លូ ស្តារ​ស្ទឹង​ប្រវែង ១៦,៣​គីឡូម៉ែត្រ និង​ស្តារ ស្ថានីយ​បូមទឹក​ដែល​មាន​ស្រាប់​ផង​ដែរ​។



នា​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា ការ​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខុមាលភាព និង​អនាម័យ​ប្រជាពលរដ្ឋ តាមរយៈ​ការសាងសង់ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ច្រោះ​ទឹក​កខ្វក់​ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ លើកកម្ពស់​បរិស្ថាន​ដោយ​ការបង្កើត​ប្រព័ន្ធ​បណ្តាញ​លូ និង​ការ​តភ្ជាប់​បណ្តាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​មកកាន់ ស្ថានីយ​ប្រព្រឹត្ត​កម្ម ព្រមទាំង​អាច​ការពារ​ទឹកជំនន់​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu