បន្ទាយមានជ័យ ៖ នៅល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ១ក្រុមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីចាប សុផាឫទ្ធិ ស្នងការរងខេត្តទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានសហការគ្នាជាមួយលោកសុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងខេត្តបានចុះបង្ក្រាបផ្ទះយានដ្ឋានកែច្នៃកាត់ តរថយន្តគ្មានព័ន្ធមួយកន្លែងរឹបអូសបានរថយន្តស៊េរីទំនើបបាន៥គ្រឿង នៅចំណុចផ្ទះជួសជុលយានយន្តមួយកន្លែង ស្ថិតនៅភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ បានបញ្ជាក់ឲ្យដឹងទៀតថា ម្ចាស់យានយន្តមានឈ្មោះ សំប៊ុន ធឿន ប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ បានបញ្ជាក់ឲ្យដឹងទៀតថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់ចេញបទបញ្ជាឲ្យទប់ស្កាត់រាល់បទល្មើសសេដ្ឋកិច្ចដែលឈ្មួញលួចនាំចូលពីប្រទេសថៃ និងប្រទេសផ្សេងទៀតក្រោយពីបានទទួលបទបញ្ជាហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ១ក្រុមចុះធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបផ្ទះយានដ្ឋានកែច្នៃកាត់តរថយន្តគ្មានព័ន្ធមួយកន្លែងរឹបអូសបានរថយន្តស៊េរីទំនើបបាន៥គ្រឿងការឆែកឆេរនេះ សមត្ថកិច្ចបានរកឃើញ និងបានយករៀបជាលក្ខណបច្ចេកទេសនូវសម្ភារៈ វត្ថុតាង ប្រភេទ បែបបទ ទ្រង់ទ្រាយដែលរក្សានូវសំណៅដើមដើម្បីធ្វើការត្រួតពិនិត្យជាលក្ខណៈបច្ចេកទេសរួមមាន១រថយន្តម៉ាកតូយូតាហាយប្រីត ពណ៌ស្ករ ផលិតនៅឆ្នាំ២០១៧ កាត់ជា២មិនទាន់ភ្ជាប់ ២រថយន្តម៉ាកតូយូតាលុចស៊ីស RX៣០០ ពណ៌ខ្មៅកាត់ ត ៣ក្បាលរថយន្តម៉ាកតូយូតាព្រូស ពណ៌ខ្មៅ គ្មានតួ ៤រថយន្តម៉ាកតូយូតាហាយលីនឌ័រ ពណ៌ សកាត់ តរួច៥រថយន្តម៉ាកតូយូតាលុចស៊ីស RX៣០០ ព៌ណបៃតង កំពុងត ភ្ជាប់ ៦មានសម្ភារៈពាក់ព័ន្ធរួមមាន សម្រាប់កាត់ត ដំឡើងរថយន្តមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើកំណត់ហេតុរួចរាល់ហើយលោកនិងព្រះរាជអាជ្ញាបានបិទយានដ្ឋាននេះ ហើយរថយន្តកែច្នៃទាំង៥គ្រឿងដែលល្មើសច្បាប់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីឲ្យម្ចាស់ចូលមកដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments