ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្មួយៗត្រូវខិតខំក្រេបជញ្ជក់យកចំណេះវិជ្ជាដែលយើងត្រូវរៀននិងត្រូវជួយសង្គមខ្មែរយើងវិញបន្ទាប់ពីយើងត្រូវបានបញ្ចប់ពីកាសិក្សានោះ។
សម្តេចក្រឡាហោមបានមានប្រសាសន៍បែបនេះនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ខណៈបានអនុញ្ញាតឲ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលីចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគេទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានបន្តផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនដែលជានិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សី និងពេលបញ្ចប់ការសិក្សាត្រូវជួយបំរើសង្គមខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅលើជំនាញដែលខ្លួនបានសិក្សានោះ។
សម្តេចបានបញ្ជាក់ប្រាប់ដល់និស្សិតទាំងនោះទៀតថា ជាធម្មតានិស្សិតកម្ពុជាតែងតែទៅបន្តការសិក្សានៅក្រៅប្រទេសក្រោយពីពួកគេប្រឡងជាប់អាហារូបករណ៍ជាក់ស្តែងដូចកូន ក្មួយនាពេលនេះយ៉ាងដូច្នេះដែរ។ ដូច្នេះត្រូវខិតខំក្រេបជញ្ជក់យកចំណេះវិជ្ជាដែលយើងត្រូវរៀននិងត្រូវជួយសង្គមខ្មែរយើងវិញបន្ទាប់ពីយើងត្រូវបានបញ្ចប់នោះ។
សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៤មកមាននិស្សិតកម្ពុជាជិតមួយពាន់នាក់ហើយដែលបានទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ដោយមុខវិជ្ជាជាច្រើនដូចជា ផ្នែកច្បាប់ អក្សរសាស្ត្រអង់គ្លេស សេដ្ឋកិច្ច ទំនាក់ទំនងសាធារណៈនិងមុខវិជ្ជាជាច្រើនទៀត៕
Source: Kampuchea Thmey Daily
0 Comments