Ad Code

អស់ពី​យកឈ្មោះ​ថ្នាក់ដឹកនាំ​ទៅ​កាង​បទល្មើស ចាប់ផ្តើម​យកឈ្មោះ​គណបក្ស​កាង​ចូល​ទន្ទ្រាន​កាន់កាប់​យក​ដី



ព្រះសីហនុ ​៖ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​អះអាងថា រយៈពេល​ថ្មីៗ​នេះ មាន​ជនខិលខូច​មួយចំនួន បានធ្វើ​សកម្មភាព​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ និង​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ឯកជន នៅ​តំបន់​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​នោះ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​យ៉ាងនេះ​ថា “​ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ជនខិលខូច​មួយចំនួន បានធ្វើ​សកម្មភាព​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ និង​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ឯកជន នៅ​តំបន់​មួយចំនួន ក្នុងភូមិ​សាស្ត្រ ក្រុង ស្រុក​ទាំង​៤ ហើយ​សកម្មភាព​រំលោភ​បំពាន ល្មើសច្បាប់​ខាងលើនេះ ជនខិលខូច​តែង​ភ្ជាប់​សកម្មភាព​ល្មើសច្បាប់​របស់ខ្លួន ទៅ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដោយបាន​ប្រើប្រាស់​ទង់​របស់​គណបក្ស​ទៅ​ដោត​នៅលើ​ដី ដែល​ខ្លួន​បាន​រំលោភបំពាន ព្រមទាំង​នៅលើ​រថយន្ត​ធំៗ​មួយចំនួន​”​។​

តាម​គណៈកម្មាធិការ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ “​នេះ​ជាការ​រំលោភ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ដែល​គណបក្ស​មិនអាច​ទទួលយក​បានឡើយ និង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មេត្តាជួយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​សកម្មភាព​ជនខិលខូច​។ ក្នុងនាម​គណបក្ស សូម​ប្រកាស​យ៉ាង​ឱឡារិក​ថា រាល់​សកម្មភាព​នេះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ និង​សូម​ធ្វើការ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជន​ទាំងឡាយណា ដែល​បាន​ប្រើប្រាស់​ទង់​របស់​គណបក្ស ដើម្បី​បិទបាំង​សកម្មភាព​ល្មើសច្បាប់​របស់ខ្លួន​”​។​

ទាក់ទង​បញ្ហា​នេះ ការិយាល័យ​កម្ពុ​ជាថ្មី​មិនអាច​ស្វែងរក​ការបញ្ជាក់​បន្ថែម​ពី​អាជ្ញាធរខេត្ត​ព្រះសីហនុ​បានទេ ប៉ុន្តែ​ថ្មីៗ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អះអាងថា ថ្មីៗ​នេះ​មាន​ជនល្មើស​មួយក្រុម​បានធ្វើ​សកម្មភាព​ លួច​ចូលទៅ​កាន់កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​អស់​ជាង​២០​ហិកតា នៅ​ចំណុច​ចន្លោះ​ព្រំប្រទល់​តំបន់​ក្បាលឆាយ តំបន់​ព្រែក​ទឹកសាប និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ហើយ​បាន​សាងសង់​ខ្ទម​អនាធិបតេយ្យ​ជាច្រើន​ខ្នង ធ្វើ​របង​ដាំ​ដំណាំ ដោយ​ខ្ទម​ខ្លះ​មាន​មនុស្ស​រស់នៅ ខ្លះទៀត​គ្មាន​មនុស្ស​រស់នៅ ព្រមទាំង​មាន​សកម្មភាព​ទិញ​លក់ ដោយ​លួចលាក់​ពី​ម្នាក់​ទៅ​ម្នាក់ទៀត ទាំង​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ គ្មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​។ ដើម្បី​ការពារ និង​ទប់ស្កាត់​អំពើ​អនាធិបតេយ្យ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​ចាត់​ក្រុមការងារ​ចម្រុះ​ចុះទៅ​រុះរើ​ខ្ទម​ទាំងនេះ​ចេញ ព្រោះថា តំបន់​នេះ មាន​សារៈសំខាន់ ជា​ប្រភព​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ក្រុងព្រះសីហនុ​ទាំងមូល និង​ចាំបាច់​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​។​

តាម​រដ្ឋបាលខេត្ត​ព្រះសីហនុ ដាច់ខាត​ត្រូវការពារ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ព្រែក​ទឹកសាប​ក្បាលឆាយ និង​តំបន់ទ្រនាប់ ឲ្យ​បាន​គង់វង្ស ដើម្បី​ទុកជា​ប្រយោជន៍​រួម ហើយ​ចាត់វិធានការ​រដ្ឋបាល​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ក្រុម​អនាធិបតេយ្យ និង​វែកមុខ​រក​មេខ្លោង ដែល​ញុះញង់​ឲ្យ​មានការ​រំលោភបំពាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ និង​កាប់បំផ្លាញ​ព្រៃឈើ ដែលជា​សម្បត្តិ​របស់រ​ដ្ឋ​ ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu