ភ្នំពេញ ៖ សាលារាជធានីភ្នំពេញជារឿយៗតែងជំរុញឲ្យអាជ្ញាធរ តាមបណ្ដាខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងការងារឲ្យបានម៉ឺងម៉ាត់បំផុត ដូចជា ត្រូវចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដោយពិនិត្យមើលទាំងការដាក់តាំងទំនិញ ប្រកបមុខរបរ អាជីវកម្ម គ្រប់ប្រភេទ រំលោភនៅលើផ្លូវសាធារណៈ។
បញ្ហានេះ អាជ្ញាធរខណ្ឌ មួយចំនួនបានខិតខំអនុវត្តន៍ការងារបានល្អប្រសើរ គួរឲ្យកត់សម្គាល់ ទន្ទឹមនឹងនេះ ក៏នៅមានបណ្ដាខណ្ឌមួយចំនួនទៀត មិនទាន់បានអនុវត្តន៍ការងារនេះល្អប្រសើរនៅឡើយ ហាក់ដូចជាមិនចាប់អារម្មណ៍អំពីការណែនាំរបស់ឯកឧត្ដម អភិបាលរាជធានីភ្នំពេញនោះឡើយ។
ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចខាងមុខមន្ទីរពេទ្យបង្អែក សម្ដេចឪ រហូតទៅដល់ខ្លោងទ្វារចូល វត្ត ឧត្តរ៉ាវតី នៃមូលដ្ឋានខណ្ឌឫស្សីកែវ បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋខ្លះ កំពុងរំលោភយកធ្វើជាកន្លែងដាក់តាំងទំនិញលក់ ក៏ដូចជា ដាំបង្គោលស្លាកយីហោ ហើយជាងនេះទៅទៀត ក៏មានម្ចាស់ហាង ឬ កន្លែងលក់ទំនិញមួយចំនួនទៀត ត យ៉ាប ធ្វើរោង ចាក់ខឿន ដាក់ឆ័ត្រ ចូលដល់ទ្រូងផ្លូវទៀតផង ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។
ចំពោះបញ្ហាទាំងអស់នេះមិនដឹងថា អាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ ឬ អាជ្ញាធរសង្កាត់ឫស្សីកែវ ក៏ដូចជា អាជ្ញាធរខណ្ឌឫស្សីកែវ ដែលចុះណែនាំ ឬ ចុះរៀបចំសណ្ដាប់ធ្នាប់យ៉ាងណានោះទេ បានជា ប្រជាពលរដ្ឋហ៊ានរំលោភយកផ្លូវសាធារណៈបែបនេះ។
ពលរដ្ឋរស់នៅតំបន់នោះប្រាប់ឲ្យដឹងថា សម្រាប់បញ្ហានេះ គឺ កើតមានជាយូរឆ្នាំមកហើយ ប៉ុន្តែហាក់ដូចជា មិនដែលឃើញអាជ្ញាធរសង្កាត់ ឬ ខណ្ឌឫស្សីកែវ ចុះរៀបចំសណ្ដាប់ធ្នាប់នោះឡើយ។ ដោយបណ្ដោយឲ្យគេ រំលោភយកចំណីផ្លូវសាធារណៈ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ ឬ ប្រកបរបរផ្សេងៗយ៉ាងអាណាធិបតេយ្យ សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតអំពីផលប្រយោជន៍រួមនោះឡើយ។
ដោយបញ្ហាទាំងនេះហើយ ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ក៏ដូចជាអ្នកដំណើរទូទៅ សូមសំណូមពរទៅដល់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ មេត្តាជួយពិនិត្យមើល និងចុះរៀបចំសណ្ដាប់ធ្នាប់ នៅតំបន់នោះ ឲ្យបានល្អប្រសើរឡើងវិញ ចៀសវាងការរិះគន់ផ្សេងៗពីសំណាក់ភ្ញៀវទេសចរណ៍៕
Source: Kampuchea Thmey Daily
0 Comments