Ad Code

បញ្ចប់​ការប្រកួត​ជើងឯក​តេ​ក្វាន់​ដូ “Hope 2023” ប្រចាំឆ្នាំ​២០១៨



ការប្រកួត​តេ​ក្វាន់​ដូ​សម្រាប់​កីឡាករ​វ័យក្មេង ដែល​គេ​ប្រសិទ្ធិ​នាម​ថា​“Hope 2023”​បានបញ្ចប់​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២៦​ធ្នូ នៅ​មជ្ឈមណ្ឌល​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។​

នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​មួយ ដើម្បី​ស្វែងរក​កីឡាករ​វ័យក្មេង មក​ធ្វើជា​កីឡាករ​ថ្នាល ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក្នុងខណៈដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​នោះ។​



លោក​គង់ ស​ក្ខិ​ដា អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT (World Taekwondo) ដែលជា​តេ​ក្វាន់​ដូ​ស្ទីល​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​“Hope 2023” សម្រាប់​ឆ្នាំ​២០១៨​នេះ បានចាប់ផ្តើម​ការប្រកួត​ជា​ផ្លូវការ​ពីថ្ងៃ​ទី​២៣ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ។​

វិញ្ញាសា​ចំនួន​១៩ ដែល​ក្នុងនោះ វិញ្ញាសា​ប្រយុទ្ធ​មាន​ចំនួន​១៤ និង​មេគុន​ចំនួន​៥​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ហើយ មាន​ក្លិប​ចូលរួម​ចំនួន​១៨ ដែល​នៅ​ភ្នំពេញ​មាន​១៧​ក្លិប និង​ខេត្តបាត់ដំបង​ចំនួន​១ ក្លិប ព្រមទាំង​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៨១​នាក់ រួមមាន​កីឡាការិនី​២៣​នាក់​។ អ្នក​ដែល​អាច​ចូលរួម​ប្រកួត​បាន​ត្រូវមាន​អាយុ​ក្រោម​១៥​ឆ្នាំ និង ១៦​ឆ្នាំ​ឡើង។

លោក Choi Yong Sok គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា និង​ជា​ប្រធាន​គណៈកម្មការ​ប្រកួត​បា​ន​និយាយថា ការប្រកួត​នេះ អនុញ្ញាត​ឲ្យ​តែ​កីឡាករ​-​កីឡាការិនី​ដែលមាន​កម្រិត​ខ្សែក្រវាត់​ក្រហម​ឡើងទៅ​ប៉ុ​ណ្នោះ​ដែល​អាច​ចូលរួមបាន ហើយ​កីឡាករ​-​កីឡាការិនី​ម្នាក់ មាន​សិទ្ធិ​ប្រកួត​បានតែ​វិញ្ញាសា​មួយ​ប៉ុណ្ណោះ ។​

លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាត់ទុកថា នេះ​ជាការ​ត្រៀមខ្លួន​ដ៏​សំខាន់​មួយ ក្នុងការ​ជ្រើសរើស​កីឡាករ​-​កីឡាការិនី ឆ្នើម ចូល​ក្រុម​ជម្រើសជាតិ សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​នេះ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu