ភ្នំពេញ ៖ ចោរប្លន់ម៉ូតូម្នាក់ ដែលជាជនងុបនឹងថ្នាំញៀនត្រូវបានមហាជនចាប់វាយទ្រោមខ្លួនរួចទើបប្រគល់ឲ្យសមត្ថកិច្ច ខណៈជនរូបនេះ បានធ្វើសកម្មភាពប្លន់ម៉ូតូគេមិនបានសម្រេច កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចោរដែលត្រូវបានគេចាប់ខាងលើ ឈ្មោះ តូច ចន្ថា អាយុ២៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្តុំភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមការអះអាងរបស់មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយថា ករណីនេះបើតាមចម្លើយរបស់ពួកគេទាំង២ភាគី នៅមុនពេលកើតហេតុ ភាគីជនរងគ្រោះឈ្មោះខែម ធឿន អាយុ២៩ឆ្នាំជាអ្នករកស៊ីរត់ម៉ូតូឌុប ម៉ូតូម៉ាកហុងដាឌ្រីម(អាសង់)ពាក់ស្លាកលេខភ្នំពេញ1BG-6701 បានជិះម៉ូតូមកដល់ផ្លូវវេងស្រេង ក៏បានជួបជនឈ្មោះ តូច ចន្ថា(ចោរ)បានហៅម៉ូតូគាត់ជិះមកម្តុំវត្តសំរោងអណ្តែតនៅវេលាម៉ោង២២និង៣០នាទី យប់ថ្ងៃទី១៥ ខែមករានេះ។
នៅខណៈដែលជនរងគ្រោះបានធ្វើដំណើរមកដល់ចំណុចកន្លែងកើតហេតុ ស្រាប់តែឈ្មោះ តូច ចន្ថា បានប្រើដៃទាំង២ចាប់ក្បាលជនរងគ្រោះមួលបំបាក់កប៉ងវាយឲ្យស្លាប់ប្លន់យកម៉ូតូ ប៉ុន្តែនៅគ្រានោះ ជនរងគ្រោះបានផ្តួលម៉ូតូដួលទាំងអស់គ្នា។
ជនល្មើសបានបន្តដេញវាយជនរងគ្រោះ បានបន្តិចក៏បានរត់មកក្រោយវិញមកលើកយកម៉ូតូរបស់ជនរងគ្រោះជិះរត់បានប្រហែល២០ម៉ែត្រភ័យស្លន់ស្លោពេកក៏បានបុករបងផ្ទះគេដួល ហើយភ្លាមៗនោះជនរងគ្រោះបានស្រែកចោរៗឲ្យគេមកជួយត្រូវមហាជនមកជួយចាប់បានវាយជនសង្ស័យជាចោរទ្រោមខ្លួន ទើបហៅប៉ូលិសអូស.កមកចាត់ការតាមច្បាប់តែម្តង។
នៅពេលចាប់ខ្លួនបានយកមកដាក់ឃុំ ប៉ូលិសបានធ្វើការត្រួតពិនិត្យល្បាយទឹកនោមជននេះរកឃើញមានផ្ទុកសារធាតុញៀនយ៉ាងច្រើន បញ្ជាក់ថា គេប្រើប្រាស់ថ្នាំញៀនស្រវឹងដល់កំរិតទើបមកធ្វើសកម្មភាពប្លន់យ៉ាងសាហាវបែបនេះ។
គេមានការសង្ស័យថា ជនល្មើសរូបនេះអាចជាមនុស្សតែម្នាក់ ដែលបានធ្វើសកម្មភាព អារ.ក ប្លន់អ្នករកស៊ីរត់ម៉ូតូឌុបម្នាក់កន្លងមក ដែលត្រូវបានគេចាប់អារស្លាប់តាមផ្លូវខណៈដែលកំពុងឌុបអ្នកដំណើរជាចោរប្លន់របៀបនេះ នៅជិតវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីអំឡុងយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments