សៀមរាប ៖ លោក ឧកញ៉ា អូស្មាន ហា ស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកប្រតិកម្មពិសេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចាត់ចែង និងជូនដំណើរជនជាតិ ម៉ាឡេស៊ីទាំង៤៧នាក់ នៅអាកាសយានដ្ឋានអន្តរាជាតិក្រុងសៀមរាប បន្ទាប់ពីត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យបានចេញដីកាបង្គាប់ឲ្យដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។
ដោយសារតែក្នុងចំណោមនេះ មាន៣នាក់រស់នៅរដ្ឋSelangor និងម្នាក់នៅទីក្រុងគូឡាឡាំពួរ ទើបពួកគាត់ទាំង៤ ត្រូវបានចាត់ចែងឲ្យចេញដំណើរដោយឡែកឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរតាមរយៈយន្តហោះ Air Asia ជើងហោះហើរ លេខ AK 543 នៅ វេលាម៉ោង ៨និង៣៥នាទី ព្រឹក។
ចំណែកការចេញដំណើរជើងបន្ទាប់ គឺមានចំនួន ៤៣នាក់ដែលមកពី រដ្ឋSarawak ៤០នាក់ និង Sabah ៣នាក់ ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី បានចាត់ចែងយន្តហោះឯកជនរបស់ក្រុមហ៊ុន JC International Airlines ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Kuching រដ្ឋ Sarawak នៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី១៧ កុម្ភៈ ដដែល។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា អ្នកទាំង៤៧នាក់ ដែលជាជនជាតិម៉ាឡេស៊ី សុទ្ធតែចាញ់បោក ជនជាតិចិនថា មកធ្វើការនៅ ប្រទេសកម្ពុជា បានប្រាក់ខែ១៥០០ ទៅ ១៧០០ ដុល្លារ តែតាមពិត ពួកគេបានជាប់នៅផ្ទះ២ កន្លែងនៅខេត្ដបន្ទាយមានជ័យ ធ្វើការចាប់ជំរឹត តាមប្រពន្ធ័ អ៊ីនឌើណែត ក្រោយពីដឹងពីសមត្ថកិច្ច ក៏បានចាប់ ជនទាំ៤៧នាក់ ដាក់ពន្ធនាគារ ខេត្ដបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា ប្រធានពន្ធនាគារខេត្តបន្ទាយ មានជ័យ លោកឧត្តមអគ្គានុរក្ស២ លោកអ៊ុង ស៊ីផាន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញលិខិតដោះលែងជនជាតិម៉ាឡេស៊ីទាំង ៤៧នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យដោះលែង លេខ ១២ ដល/ឆ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រព្រឹត្តនៅចន្លោះសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតក្រុង ខេត្តបន្ទាយមានជ័យ ជាប់ចោទពីបទឆបោក បើកកន្លែងល្បែងស៊ីសង ការកាន់កាប់ល្បែងស៊ីសងនិងចាត់ចែងល្បែងស៊ីសង គិតពីថ្ងៃចាប់ ១១ ខែធ្នូ ២០១៨ ឬឃុំខ្លួន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បច្ចុប្បន្នត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕
Source: Kampuchea Thmey Daily
0 Comments