Ad Code

អ្នកជំនាញ​ជប៉ុន​មក​ផ្តល់​បទពិសោធន៍​ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​កម្ពុជា​



ភ្នំពេញ ​៖ ​អ្នកជំនាញ​ជប៉ុន​មក​ផ្តល់​បទពិសោធន៍ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ដែល​នៅតែ​ជា​បញ្ហា​កង្វល់ និង​ប្រឈម​ដ៏​ធំ​របស់​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា​។



លោក មី​ជី​ម៉ាសា តា​កា​ជី (Michimasa Takagi) អតីត​ទីប្រឹក្សា ជាន់ខ្ពស់​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​ភ្នាក់ងារ​សហប្រតិបត្តិការ​ជប៉ុន​អន្តរជាតិ ហៅ​កាត់​ថា JICA ប្រចាំ​ប្រទេស​វៀតណាម​បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅក្នុង​សិក្ខាសាលា​មួយ​ថា ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ការ​បណ្តុះ​ទម្លាប់​ឥរិយាបថ​សុវត្ថិភាព កុមារ​តាំងពី​នៅ​វ័យ​កុមារភាព ហើយ ត្រូវ​អនុវត្ត​ឲ្យ​បានតែ​បាន ហើយ​ការអប់រំ​ក៏​មិនមែន​ធ្វើឡើង​តែ​នៅក្នុង​សាលារៀន​នោះដែរ ពោល​គឺ ត្រូវធ្វើ​នៅក្នុង​ការរស់នៅ​ជាប្រចាំ​ថ្ងៃ​ផងដែរ​។

លោក​បាន​បន្តថា​ ត្រូវ​ចាប់បង្ខំ​ឲ្យ​អ្នកបើកបរ​ផ្ទាល់ ត្រូវ​អនុវត្ត​ច្បាប់ តាម​រូបភាព ពាក់មួក​សុវត្ថិភាព​រាល់​ពេល​បើកបរ​និង​ជិះ​លើ​ម៉ូតូ គោរព​ភ្លើង​និង​ស្លាក​សញ្ញា​ចរាចរណ៍ ជាដើម​។​ ទន្ទឹម​នេះ ក៏​ត្រូវ​កែសម្រួល​ស្ថានភាព​ផ្លូវ​ដែល​កោង​ខ្លាំងពេក ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។

ចំណែក​លោកស្រី មឹន មាណវី អគ្គលេខាធិការ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ច្រើន​បង្កឡើង​ដោយ​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ក្នុង​ពេល​ស្រវឹង ការបើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​នៅ​លើ​ដងផ្លូវ និង​ការ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ជាដើម​។

លោកស្រី​បាន​បញ្ជាក់​ថា ​ផលវិបាក​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​នៅតែ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស ពិការ និង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន ខណៈ​ដែល​ស្ពាន​ផ្លូវ​កាន់តែ​ល្អ​។

លោក គឹម បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា វិធានការ​នានា​ដែល​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ធ្លាក់​មក​នៅ​ទាប​បំផុត​នោះ គឺ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ទៅលើ​ផ្នែក​ដូចជា ការ​មិន​ពាក់មួក​សុវត្ថិភាព ការបើកបរ​ហួស​ល្បឿន​កំណត់ ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការប្រើ​ទូរស័ព្ទ​ក្នុងពេល​បើកបរ ខណៈ​ប្រជាពលរដ្ឋ​មិនទាន់​ប្តូរ​ឥរិយាបថ​ឲ្យ​បាន​ព្រម​គ្នា​លើ​ការប្រើប្រាស់​ផ្លូវ​។

យោង​តាម​របាយការណ៍​បឋម​របស់​ក្រសួងមហាផ្ទៃ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៧៦១​នាក់ ក្នុង​គិត​ជា​មធ្យមភាគ​មាន​អ្នកស្លាប់​ប្រមាណ​៥​នាក់ ក្នុង​មួយថ្ងៃ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu