ត្បូងឃ្មុំ ៖ នៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ» ដែលជាគម្រោងទី១ ទើបចាប់ផ្ដើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយៈពេល៤០ខែ។ មន្ទីរពេទ្យនេះ នឹងចំណាយទឹកប្រាក់ប្រមាណ៣១០,០០០,០០០យ័ន ស្មើនឹងប្រមាណ៤៥,៦៦០,០០០ដុល្លារអាមេរិក។ មន្ទីរពេទ្យនេះ នឹងមានសភាពធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗថែមទៀតផង។
មន្ទីរពេទ្យនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និងEndoscopy, មន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីហ្សែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។
មន្ទីរពេទ្យថ្មីនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់គ្រប់ដណ្ដប់ប្រជាជនមួយចំនួន នៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។ មន្ទីរពេទ្យធំថ្មីនេះ មានតម្រូវការបុគ្គលិកជំនាញប្រមាណ៤៥៦នាក់បន្ថែមទៀត។
សូមរំលឹកថា ខេត្តត្បូងឃ្មុំ ជាខេត្តទើបបង្កើតថ្មី ដោយកាត់ចេញពីខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបង្កើតថ្មីទាំងអស់។
មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មានបុគ្គលិកមន្ត្រីសុខាភិបាលចំនួន៩៩៨នាក់ ក្នុងនោះស្ត្រី៤៦៧នាក់ មានមន្ទីរពេទ្យបង្អែកចំនួន០៦ មណ្ឌលសុខភាពចំនួន៦៨ និងប៉ុស្តិ៍សុខភាពចំនួន០២ ដែលគ្របដណ្ដប់ប្រជាជនប្រមាណ៨៤៣,៣១០នាក់៕
Source: Kampuchea Thmey Daily
0 Comments