សៀមរាប ៖ ស្ត្រីជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពួកឃាត់ខ្លួន ករណីជនបង្កបានយកសាំងដុតលើខ្លួនក្មេងប្រុសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដោយសារតែខឹងនឹងលួចលុយត្រឹមតែ១ម៉ឺនរៀល។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាមោង១១និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ភូមិគោកក្នាំង ឃុំរើល ស្រុកពូក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ តែម មឿត ភេទស្រី(តែងខ្លួនធ្វើប្រុស) អាយុ៣៩ឆ្នាំ នៅភូមិគោកក្នាំង ឃុំរើល ស្រុកពូក បានចាក់សាំងដុតទៅលើជនរងគ្រោះ ឈ្មោះ ពន ប៉ិន ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិជុំគ្នា សភាពរងគ្រោះឆេះរលាត់ស្បែកមួយចំហៀងខ្លួន ផ្នែកខ្នងខាងឆ្វេង។
លោកបន្តថា មូលហេតុខឹងជនរងគ្រោះលួចលុយអស់ចំនួន១ម៉ឺនរៀល។ ចំណែក ជនសង្ស័យ ក៏បានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
លោកបន្ថែមថា ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះស្រាវជ្រាវកន្លែងកើតហេតុ កសាងសំណុំរឿង ធ្វើការស្រាវជ្រាវ និងបានសហការជាមួយការិយាល័យប្រឆាំងការជួញដូរ និងឃាត់ជនសង្ស័យបានហើយ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពួក អនុវត្តនីតិវិធីបន្ត។
ក្នុងនោះដែរ លោកអភិបាលខេត្តសៀមរាប បានបញ្ជូនក្រុមការងារមកសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់គ្រួសារជនរងគ្រោះនៅក្នុងមន្ទីរពេទ្យផងដែរ៕
Source: Kampuchea Thmey Daily
0 Comments