អ្នកប្រដាល់ជើងខ្លាំងជើងចាស់កម្ពុជា ម៉ឺន សុភា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានប្រកួតចាញ់អ្នកប្រដាល់ថៃ កាំឡៃផេត ផាកថុងឆ័យ (Kamlaipetch Phakthungchai) ខណៈដែល ម៉ឺន មេឃា អ្នកប្រដាល់វ័យក្មេងក្លិបអេភូថងកីឡា ប្រកួតឈ្នះ អ្នកប្រដាល់ជើងចាស់ថៃ អេកអាំនួយ ឆ.ឈោកអាំនួយ នៅក្នុងការជួបប្រកួតគ្នាលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩។
ម៉ឺន សុភា ក្រោយពីអាក់ខានប្រកួតជាច្រើនខែមកនោះ គេវាយរាងគាំងៗ មិនសូវស្វាហាប់ដូចមុនប៉ុន្មានទេ ដែលធ្វើឲ្យចាញ់ប្រៀប កាំឡៃផេត។ អាចនិយាយថា សុភា ប៉ះដៃគូខ្លាំង ក្នុងពេលដែលគេទើបវិលមកសង្វៀនវិញនោះ។ ម៉ឺន សុភា និង កាំឡៃផេត ប្រកួតគ្នាក្នុងប្រភេទទម្ងន់៧២គីឡូក្រាម។
កាំឡៃផេត បានធ្វើឲ្យ សុភា ដួលលើរេញប្រមាណ២-៣លើក ដោយសារតែសុភាមានលក្ខណៈទន់ជ្រាយជាង កាំឡៃផេត។ សុភា ខ្លាំងកណ្តាប់ដៃ ពិសេសកណ្ដាប់ដៃឆ្វេង តែកណ្ដាប់ដៃរបស់សុភា លើកនេះ ទោះបីបានដាល់ចំមុខកាំឡៃផេត មួយដៃៗដែរ តែដោយសារកម្លាំងដៃខ្សោយ និងមិនសូវចំគោលដៅល្អផងនោះ ពុំបានធ្វើឲ្យ កាំឡៃផេត ឈឺ ឬក៏ដួលនោះឡើយ។ ចប់ការប្រកួតប្រាំទឹកពេញ ម៉ឺន សុភា ចាញ់ កាំឡៃផេត ដោយពិន្ទុ។
ម៉ឺន សុភា បានបាត់មុខពីសង្វៀនប្រមាណ៤ខែហើយ បន្ទាប់ពីគេប្រកួតចុងក្រោយស្មើជាមួយអ្នកប្រដាល់ថៃបួគៀវ(Buakeaw) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនោះ។ ឯ កាំឡៃផេត វិញ
ជាជើងខ្លាំងមួយរូបនៅស្រុកថៃ ហើយគេមកវាយនៅស្រុកខ្មែរញឹកញាប់ដែរ និងក៏កម្រមានអ្នកយកឈ្នះរូបគេបានដែរ។ គេធ្លាប់វាយឈ្នះ រឿង សោភ័ណ្ឌ ពីរលើក ឈ្នះ ឡុង សុភី មួយលើក ឈ្នះ ឡុង សុវណ្ណឌឿន មួយលើក និង ឈ្នះ ផុន ផាន់ ណាមួយលើក ហើយក៏ធ្លាប់ចាញ់ មឿន សុខហ៊ុចមួយ លើក ចាញ់ព្រំ សំណាង ពីរលើក ចាញ់ឡៅ ចន្ទ្រា ដោយពិន្ទុ ហើយបានផ្ដួលយកឈ្នះ វង្ស ណយ ពីរលើក ដែលលើកទី១ គេឈ្នះ វង្សណយ ក្នុងទឹកទី២ និងលើកទី២ ឈ្នះ វង្សណយ ដោយពិន្ទុ និងចុងក្រោយនេះគេវាយស្មើជាមួយ ឯម ឡេងលី ក្លិបថ្មគោលពោធិ៍សែនជ័យ។
ចំពោះ អ្នកប្រដាល់វ័យក្មេង ម៉ឺន មេឃា ក្លិបអេភូថងកីឡា បានវាយឈ្នះអ្នកប្រដាល់ជើងខ្លាំងជើងចាស់ថៃ អេកអាំនួយ ឆ.ឈោកអាំនួយ (Eakaumnuay Chhor. Chhork amnuay) ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងទម្ងន់៦៥គីឡូក្រាម។
អេកអាំនួយ ជាអ្នកប្រដាល់ជើងចាស់នៅស្រុកថៃ ប៉ុន្តែលើកនេះអ្នកប្រដាល់ថៃរូបនេះ វាយអត់ចេញ និងអត់មានផ្លែសម្រាប់ផ្ដួល ម៉ឺន មេឃា បាននោះឡើយ។ នេះមកពី អេក អាំនួយ ចាញ់កម្លាំងកាយសម្បទារបស់ ម៉ឺន មេឃា ដាច់តែម្ដង។
ក្នុងការប្រកួតប្រាំទឹកនោះ អេកអាំនួយ ត្រូវម៉ឺន មេឃា កាច់ផ្ដួលដួលលើរេញជាច្រើនដង ហើយកម្លាំងដៃ និងសន្ទុះជើងទាត់របស់ មេឃា ក៏បានធ្វើឲ្យ អាំនួយ រងនូវការឈឺចាប់មិនតិចដែរទេ បើទោះបីជា អាំនួយ មិនបង្ហាញឲ្យឃើញយ៉ាងណាក៏ដោយ ក៏គេអាចមើលដឹងពីការឈឺចាប់របស់ អេកអាំនួយ នោះដែរ។ ម៉ឺនមេឃា ជាកូនបង្កើតរបស់អតីត កែងឆេះ ជង្គង់ហោះ អេភូថង គេទទួលការហ្វឹកហាត់ពីឪពុករបស់គេយ៉ាងស្ទាត់ជំនាញ ទាំងបច្ចេកទេស កណ្ដាប់ដៃ កែង ជើងទាត់ ក៏ដូចជាកម្លាំងកាយសម្បទាដែរ។
សូមបញ្ជាក់ថា ម៉ឺន មេឃា កាលពីគេជួបប្រកួតជាមួយថៃលើកមុន( ថ្ងៃទី១០មីនា២០១៩) នោះ បានផ្ដួលថៃ ជេន សឹក (Chen Sak) ឲ្យសន្លប់ក្នុងទឹកទី២។
ដោយឡែកការប្រកួតរវាងខ្មែរ និងខ្មែរវិញ លី រិទ្ធី អ្នកប្រដាល់មកពីក្លិបមីស្ទឺលីគុនខ្មែរ បានផ្ដួលសៀន វិបុល អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ឲ្យសន្លប់ក្នុងទឹកទី២ ដោយការប្រើកណ្ដាប់ដៃដាល់ចំថ្គាមវិបុលមួយដៃត្រូវយ៉ាងដំណំ។
សោម ពិសិដ្ឋ អ្នកប្រដាល់ក្លិបអេភូថងកីឡា ប្រកួតឈ្នះ ឡុង និមិត្ត អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។ ឯ ជុំ មាន ក្លិបអាណាចក្រគុនខ្មែរ ប្រកួតចាញ់ ឯម ប៊ុនឌឿន ក្លិបថ្មគោលពោធិ៍សែនជ័យ ដោយពិន្ទុដែរ៕
Source: Kampuchea Thmey Daily
0 Comments