រតនគិរី ៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នាពីក្រោយយ៉ាងពេញទំហឹងក្នុងទិសដៅស្របគ្នា ពីកើតមកលិច។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខរោងចក្រកៅស៊ូ ម៉ាងយ៉ាង ស្ថិតនៅក្នុងភូមិគងយុក ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនបង្កបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម c125 ស៊េរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C-74 46 ដោយឈ្មោះ រម៉ាម ដួន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ បច្ចុប្បន្នមានទីលំនៅភូមិ ឡាហន់ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី រងរបួសធ្ងន់។
រីឯជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម c125 ស៊េរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-5766 ដោយឈ្មោះ ព្រំ ចន្ថា អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នមានទីលំនៅភូមិគងយុក ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី រងរបួសស្រាល។
អ្នករួមដំណើរឈ្មោះ ស្រី ទូច អាយុ៣៩ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ រងរបួសស្រាល។
មន្ត្រីនគរបាលបានបន្តថា មុនពេលកើតហេតុ ខណៈជនបង្កបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ទើបជ្រុលចង្កូតបណ្ដាលឲ្យបុកជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹងតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងដឹកបញ្ជូនអ្នករងរបួសធ្ងន់ទៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវដើម្បីព្យាបាលរបួស។
បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿងត្រូវកម្លាំងប៉ុស្តិ៍រឹបអូសយកមករក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments