ហ៊ឹម សេរី អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ និង វង្ស វិឆ័យ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងទទួលស្វាគមន៍អ្នកប្រដាល់ថៃ និង អ៊ីរ៉ង់ នៅលើសង្វៀនWurkz របស់SEATV នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩នេះ។
ហ៊ឹម សេរី គេត្រូវប៉ះជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ឈ្មោះ ស៊ុម ជីឡេក (Sum Chilek) ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ អ្នកប្រដាល់ថៃស៊ុម ជីឡេក ដែលហ៊ឹម សេរី ត្រូវតស៊ូជាមួយនោះ ជាជើងខ្លាំងទម្ងន់៥៧គ.ក្រ នៅស្រុកថៃ។
អ្នកប្រដាល់ថៃរូបនេះ មកជួបសេរីលើកនេះ ដើម្បីសងសឹកឲ្យមិត្តរួមជាតិរបស់គេ ខណៈខ្លួនគេផ្ទាល់ពុំធ្លាប់ដែលមកប្រកួតនៅកម្ពុជាម្តងណានោះទេ។
ស៊ុម ជីឡេក មានប្រវត្តិប្រកួត៤៧លើក ឈ្នះ៣៩លើក ចាញ់០៧លើក និងស្មើ០១លើក និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់១០លើក។
ហ៊ឹម សេរី គេធ្លាប់ប្រកួតជាមួយថៃច្រើននាក់មកហើយ ហើយក៏មិនសូវដែលចាញ់នោះទេ។ សេរី វាយចាញ់ថៃតែ២-៣ដងគត់ ក្នុងជំនួបច្រើនលើកកន្លងមកនេះ។ សម្រាប់លើកនេះ មិនដឹងថា ហ៊ឹម សេរី អាចយកឈ្នះ ស៊ុម ជីឡេក ដែលជាអ្នកប្រដាល់ថៃស្រករក្រោយបានទៀត ឬក៏អត់នោះទេ?។
ការប្រកួតនៅក្នុងស្រុក សេរី វាយឈ្នះអ្នកប្រដាល់រួមជាតិ សឹងតែអស់ទៅហើយក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនេះ ដែលការប្រកួតចុងក្រោយនេះ គេបានផ្ដួលអ្នកប្រដាល់ថៃ យុត្ថា សាក់ ឲ្យសន្លប់ក្នុងទឹកទី៤ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមកនេះ។ ហ៊ឹម សេរី មានប្រវត្តិប្រកួត៨៥លើក ក្នុងនោះវាយឈ្នះ៧២លើក ចាញ់១៣លើក និងមិនដែលស្មើ។
ទោះជាយ៉ាងណា ការឈ្នះចាញ់រវាងហ៊ឹម សេរី និង ស៊ុម ជីឡេក នេះ ពុំមាននរណាហ៊ានទាយមុនថា អ្នកណាឈ្នះនោះទេ ព្រោះថាការប្រកួតគ្នាលើកនេះ ហ៊ឹម សេរី មិនស្គាល់ពីថ្វីដៃ និងប្រវត្តិរបស់អ្នកប្រដាល់ថៃនេះច្បាស់នៅឡើយ។ ហើយមួយទៀតអ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងនៅប្រទេសថៃផងនោះ ដូច្នេះមិនងាយស្រួលឲ្យ សេរី យកឈ្នះនោះទេ។ ចាំមើល ហ៊ឹម សេរី អាចផ្ដួលអ្នកប្រដាល់ថៃស៊ុម ជីឡេក បានឬអត់?។
ចំពោះ វង្ស វិឆ័យ អ្នកប្រដាល់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវផ្គូជាមួយអ្នកប្រដាល់អ៊ីរ៉ង់ឈ្មោះ ម៉ាទីន (Matin)ពីរនាក់នេះ នឹងជួបប្រកួតគ្នាក្នុង ប្រភេទទម្ងន់ ៦៩គីឡូក្រាម។ ពីរនាក់នេះ មិនដែលជួបគ្នាទេកន្លងមក។ វង្ស វិឆ័យ ប្រកួតចុងក្រោយនេះ (១៥មីនា២០១៩) បានផ្ដួលអ្នកប្រដាល់ថៃហាន់ មើ ក្នុងទឹកទី៤។
វិឆ័យ ជាអ្នកប្រដាល់ស្រករក្រោយ ដែលសព្វថ្ងៃកេរ្តិ៍ឈ្មោះរបស់គេកំពុងត្រូវបានគេចាប់អារម្មណ៍គួរសមដែរ ។ វិឆ័យ មានកាយសម្បទារឹងមាំ វាយខ្លាំង ហើយវាយមិនចេះខ្លាចគូប្រកួតនោះទេ។ ពោលគឺ វិឆ័យ វាយសម្រុកចូលដោយមិនញញើត ជាមួយនឹងកណ្ដាប់ដៃខ្លាំង សន្ទុះទាត់ក៏ខ្លាំង ជង្គង់កែង ក៏ល្អថែមទៀត។
ម៉ាទីន គេក៏ជាអ្នកប្រដាល់ស្រករក្រោយដែរ ហើយអ្នកប្រដាល់រូបនេះ ក៏វាយខ្លាំងមិនចាញ់វង្ស វិឆ័យ ប៉ុន្មានដែរ។ អ្នកប្រដាល់រូបនេះ ក៏វាយសម្រុកមិនចេះខ្លាចគូប្រកួតដែរ។
យ៉ាងណា សម្រាប់ការប្រកួតលើកនេះ គេមិនអាចទាយមុនថា វង្ស វិឆ័យ អាចឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ម៉ាទីន នោះឡើយ។ វង្ស វិឆ័យ មានប្រវត្តិប្រកួតចំនួន៣៩លើក ឈ្នះ៣៥លើក និងចាញ់០៤លើក ហើយ ម៉ាទីន វិញ គេមានប្រវត្តិប្រកួតចំនួន២២លើក ឈ្នះ១៨លើក និងចាញ់០៤លើក។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ អេលីត កែវឡុង អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ នឹងឡើងប្រកួតសងសឹកជាមួយ មាឃ វណ្ណារ៉ា អ្នកប្រដាល់ក្លិបរាជសីហ៍ ខេត្តរតនគិរី ក្នុងទម្ងន់៦០គីឡូក្រាម។ កាលពីជួបគ្នាលើកមុន កែវឡុង វាយចាញ់ វណ្ណារ៉ា ត្រឹមពិន្ទុប៉ុណ្ណោះ។ ចាំមើល អេលីត កែវឡុង គេអាចសងសឹកមាឃ វណ្ណារ៉ា បានសម្រេចឬអត់?។
វ៉ែន សុវណ្ណ មាឃ វណ្ណារ៉ា អ្នកប្រដាល់ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយលួន សុខខេង អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ដោយជួបគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។ ពីរនាក់នេះ សុទ្ធតែជាជើងចាស់ ប៉ុន្តែមិនធ្លាប់ដែលជួបគ្នាទេពីមុនមក ។ អ្នកណាឈ្នះ អ្នកណាចាញ់នោះ មិនអាចទាយមុនបានឡើយ៕
Source: Kampuchea Thmey Daily
0 Comments