កំពង់ឆ្នាំង ៖ តាមសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ/ឃុំ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ មន្ទីរធនធានទឹក និងមន្ទីរឧស្សាហកម្មខេត្ត បានដឹកទឹកជាង១ម៉ឺនលីត្រ ទៅចែកចាយប្រជាពលរដ្ឋក្នុងភូមិ៣ នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ដែលខ្វះទឹកប្រើប្រាស់នៅក្នុងគ្រួសារ។
លោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាចបានឲ្យដឹងថា តាមសំណើរបស់អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋក្នុងភូមិ៣ មាន ៖ ១.ភូមិសុពណ៌ ២.ភូមិបឹងកក់ ៣.ភូមិឡពាង ឃុំតាជេស។
ក្នុងពេលនេះ អណ្ដូងទឹកតាមគ្រួសារនៅក្នុងភូមិ បានរីងទឹកអស់ពីក្នុងអណ្ដូង គ្មានទឹកសម្រាប់ប្រើប្រាស់ឡើយ។ ហេតុនេះហើយ ទើបមន្ទីរធនធានទឹក និងមន្ទីរឧស្សាហកម្មខេត្ត សហការជាមួយអាជ្ញាធរស្រុក យុវជន ស ស យ ក ស្រុក អាជ្ញាធរ ភូមិ ឃុំ នៅព្រឹកថ្ងៃទី២១មីនានេះ បានដឹកទឹកតាមរថយន្តចំណុះ៤៥០០លីត្រ យកទៅចែកជូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង៣ ដោយក្នុង១ភូមិៗទទួលបានទឹក១ឡាន ស្មើនឹង ៤៥០០លីត្រ។
លោក សន សំអាត បានអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន សូមជួយរក្សាទឹកដែលមានតាមបឹងត្រពាំង ដែលមានក្នុងមូលដ្ឋាន ឲ្យបានគង់វង្ស ដោយកុំប្រើប្រាស់ខ្ជះខ្ជាយ ព្រោះថា តាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា នៅក្នុងខែឧសភា ខែមេសា នេះកម្ដៅ នឹងឡើងខ្លាំងរហូតដល់៤២អង្សា ដែលអាចធ្វើឲ្យ បឹងបួ ត្រពាំង និងអណ្ដូងតាមភូមិឋានប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់។
បញ្ហានេះ អាជ្ញាធរភូមិ/ឃុំគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យត្រៀមបម្រុងទឹកទុកប្រើប្រាស់ ក្នុងប្រការខ្វះទឹកដោះស្រាយមិនបាន ត្រូវរាយការណ៍មកថ្នាក់ស្រុក និងថ្នាក់ខេត្តជាបន្ទាន់ ដើម្បីជួយអន្តរាគមន៍ ដឹកទឹកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា៕
Source: Kampuchea Thmey Daily
0 Comments