មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា(CNE) បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការចុះឈ្មោះ និង គ្រប់គ្រងទិន្នន័យកីឡាករ-កីឡាការិនីថ្នាល និង ក្រុមជម្រើសជាតិ តាមប្រព័ន្ធព័ត៌មានវិទ្យាពេញមួយ ថ្ងៃទី២៨កុម្ភៈ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍បញ្ជាក់ថា វគ្គនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សហព័ន្ធជាតិ ដែលត្រូវស្នើសុំចូលរួមប្រមូល ផ្ដុំក្រុម ជម្រើសជាតិថ្នាល និង កីឡាករជម្រើសជាតិ ឲ្យយល់ដឹងពីការប្រើប្រាស់គេហទំព័រប្រព័ន្ធចុះឈ្មោះ និង គ្រប់គ្រងក្រុមកីឡាថ្នាល និង ជម្រើសជាតិ ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលគ្រប់គ្រង ទិន្នន័យ គុណផលកីឡាទៅតាមប្រភេទនីមួយៗ។ គ្រប់គ្រងពីការប្រែប្រួលនៃគុណផល សុខភាព ក្រុមឈាមរបស់កីឡាករ-កីឡាការិនី។
លោក អ៊ុក សិទ្ធិជាតិ បានសំណូមពរដល់សហព័ន្ធជាតិទាំងអស់ ត្រូវផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីវ័យក្មេង គឺមិនត្រូវយកអ្នកដែលធ្លាប់ដណ្ដើមបានមេដាយពិភពលោក មេដាយទ្វីបអាស៊ី ឬ ស៊ីហ្គេម មកធ្វើតេស្តជាមួយកីឡាវ័យក្មេងនោះទេ។ ធ្វើបែបនេះ គឺជាការធ្វើឲ្យកីឡាករវ័យក្មេងបាត់បង់ឱកាស ដែលនេះជាការបំបាក់ទឹកចិត្តដល់អ្នកជំនាន់ក្រោយ។
ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ប៉ុន សុខ បានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៨០នាក់ ដែលមកពី៣៤សហព័ន្ធកីឡាជាតិ ដែលសុទ្ធតែជាសហព័ន្ធដែលមានការប្រមូលផ្ដុំក្នុងជំរំជម្រើសជាតិសម្រាប់ឆ្នាំ២០១៩ ដោយមួយសហព័ន្ធចូលរួម២នាក់ គឺអគ្គលេខាធិការ និង មន្ត្រីព័ត៌មានវិទ្យារបស់សហព័ន្ធ។ ក្រៅពីនោះក៏មានការចូលរួមពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ។
វគ្គនេះ នឹងបង្ហាញពីរបៀបចូលចុះឈ្មោះអ្នកប្រើប្រាស់ របៀបគ្រប់គ្រងគណនីអ្នកប្រើប្រាស់ របៀបគ្រប់គ្រងសមាជិក របៀបគ្រប់គ្រងកីឡាថ្នាល និង ជម្រើសជាតិ និងរបៀបគ្រប់គ្រងគុណផលកីឡាករ-កីឡាការិនី៕
Source: Kampuchea Thmey Daily
0 Comments