កំពង់ឆ្នាំង ៖ ឯកឧត្តម ប្រាក់ សុណ្ណរ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា ៖ ក្នុងនាមលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា យើងរីករាយរាល់កិច្ចសហការ ប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងការធ្វើកំណាយរុករក ស្រាវជ្រាវប្រវត្តិសាស្ត្រនៃវប្បធម៌ អរិយធម៌ នៅទីនេះដែលជាអតីតទីក្រុងលង្វែកពីបុរាណ។
ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងឱកាសដែល ឯកឧត្តម ដឹកនាំប្រតិភូថ្នាក់ជាតិ និងអន្តរជាតិអញ្ជើញទៅពិនិត្យមើល កំណាយដីជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រអតីតក្រុងលង្វែកពីបុរាណ ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា កន្លងមក បន្ទាប់ពីយើងចុះហត្ថលេខាបន្តកិច្ចព្រមព្រៀង រវាង៣ប្រទេស មានកម្ពុជាជាម្ចាស់ផ្ទះ ប្រទេសអូស្ត្រាលី និង ប្រទេសជប៉ុន ថ្ងៃនេះ យើងទាំងអស់គ្នាបានមកពិនិត្យមើលទីតាំងកំណាយដោយផ្ទាល់នៅទីនេះ។
ការស្រាវជ្រាវធ្វើកំណាយនៅទីនេះ ដោយយល់ឃើញថា តំបន់ឃុំលង្វែកនេះ ជាទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ នៅក្នុងសម័យក្រោយអង្គរ សម័យកណ្ដាល ក្នុងសតវត្សទី១៦។ គឺថ្ងៃនេះ យើងចង់ដឹងថា តើក្រោយការស្រាវជ្រាវនៅទីនេះ យើងបានរកឃើញអ្វីខ្លះ ដែលពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ បុរាណរបស់ជាតិយើង។ នៅទីកន្លែងយើងកំពុងតែឈរនេះ ជាកន្លែងសំខាន់ខ្លាំងណាស់ ក្នុងការស្រាវជ្រាវ ព្រោះតាមដី គឺ អ្នកស្រាវជ្រាវរបស់យើង បានរកឃើញវត្ថុបុរាណជាច្រើន ដែលឆ្លុះបញ្ចាំងពី អរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន របស់យើងតាំងពីបុរាណ។
លោក ខឿន វុឌ្ឍី ប្រធាននាយកដ្ឋានបុរាណវិទ្យា បានបកប្រែសម្តីរបស់ លោក ម៉ាទីន មកពីសកលវិទ្យាល័យមួយនៃប្រទេសអូស្ត្រាលី មានខ្លឹមសារថា គោលបំណង នៃការស្រាវជ្រាវ នៅទីនេះ គឺដើម្បីឆ្ពោះទៅរកការស្រាវជ្រាវវប្បធម៌ អរិយធម៌ ដែលអ្នកស្រាវជ្រាវទាំងឡាយគិតថា សម័យកណ្តាលមានភាពងងឹតឈឹង ដូច្នេះយើងចង់បង្ហាញថា អរិយធម៌ វប្បធម៌ សម័យកណ្តាល គឺយើងកំពុងស្រាវជ្រាវ។
ចំពោះការស្រាវជ្រាវ នៅខាងក្រៅកំពែងលង្វែកបានរកឃើញថា នៅទីនេះមានការផ្លាស់ប្ដូរទំនិញដែលមានលក្ខណៈជាប្រចាំ និងជារៀងរាល់ថ្ងៃកាលពីបុរាណ ដែលទីនេះ ឈ្មោះថា ទួលបាយក្អែក បានរកឃើញមានសេរ៉ាមិច ដែលគេបានផ្លាស់ប្ដូរគ្នារបៀបជាពាណិជ្ជកម្មទិញដូរគ្នា នៅទីនេះ ដោយមានកុលាលភាជន៍ សម័យមុនអង្គរ ក្រោយសម័យអង្គរ និងសម័យកណ្តាល ប៉ុន្តែកុលាលភាជន៍ មុនអង្គរ និងក្រោយអង្គរ យើងមិនបាច់និយាយទេ គឺយើងនិយាយត្រឹមតែកុលាលភាជន៍សម័យកណ្ដាល ដែលដឹកមកពីប្រទេសថៃ ប្រទេសចិន និងប្រទេសមួយចំនួននៅក្នុងភូមិភាគអាស៊ីនេះ គឺរកឃើញនូវបំណែកកុលាលភាជន៍ជាច្រើន ក្នុងនោះក៏មាន ពូថៅធ្វើអំពីថ្មបុរាណផងដែរ។ ចំពោះការស្រាវជ្រាវកំណាយនេះយើងសង្ឃឹមថា នឹងបានផលប្រយោជន៍ច្រើនលើវិស័យទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជាក្នុងពេលខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments