Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រជុំ​ពិភាក្សា​លើ​ប្លង់​តំបន់​អភិវឌ្ឍន៍​ប៉ែក​ខាងត្បូង ក្រោម​កិច្ច សហ​ប្រតិបត្តិ​ការ​រវាង​រដ្ឋបាល​រាជធានី ​និង​សាលា​ក្រុង​ប៉ារីស​ និង​ប្លង់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ING



ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ ​លោក ឃួ​ង ស្រេង កាលពី​រសៀល​ថ្ងៃទី​១៩​មេសា នេះ​បាន​កោះ​ប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ លើ​ប្លង់​តំបន់​អភិវឌ្ឍន៍​ប៉ែក​ខាងត្បូង នៃ​កិច្ចសហប្រតិបត្តិការ រវាង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាលាក្រុង​បារី​ស និង ប្លង់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ING ដើម្បី​ប្រមូល​មតិយោបល់​មក​ពិភាក្សា​និង​សិក្សា​ឲ្យ​បាន​ល្អិតល្អន់ មុន​និង​ដាក់បញ្ចូល​ទៅក្នុង​គម្រោង​កសាង​ផ្លូវ​សាធារណៈ និង​ប្រព័ន្ធធារាសាស្ត្រ​ថ្មីៗ​នៃ​រាជធានី​ភ្នំពេញ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផ្នែក​ភូមិបាល និង មន្ទីរ​ដែនដី​នគររូបនីយកម្ម និង​សំណង់ នៃ​រដ្ឋបាល​

រាជធានី​ភ្នំពេញ ក៏បាន​លើក​នូវ​គម្រោង​ប្លង់ ដែល​សិក្សា​ដោយ កិច្ចសហប្រតិបត្តិការ រវាង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ សាលាក្រុង​បារី​ស និង គម្រោង​ប្លង់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ING មក​បង្ហាញ​និង​ពន្យល់​យ៉ាង​ល្អិតល្អន់ ក៏ដូចជា​បាន​ជម្រាបជូន​នូវ​ភាពខុសគ្នា​ខ្លះៗ នៃ​គម្រោង​ទាំងនោះ ដើម្បី​យក​មក​ពិភាក្សា និង​រក​ធាតុ​ចូលរួម​គ្នា​មួយ ធ្វើយ៉ាងណាឲ្យ​ការអភិវឌ្ឍ​ប៉ែក​ខាងត្បូង​រាជធានី ​អាច​ប្រព្រឹត្ត​ទៅបាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​កាត់បន្ថយ​នូវ​ផល​ប៉ះពាល់​។

លោក​ ឃួ​ង ស្រេង បាន​ស្នើឲ្យ​​មន្ត្រី​បច្ចេកទេស រួមសហការ​គ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ បន្ត​សិក្សា ពិគ្រោះ​យោបល់​ឲ្យ​បាន​ច្បាស់លាស់ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត ពិនិត្យ​ទៅលើ​គម្រោង​ប្លង់​ទាំងពីរ​ថា​ តើ​មួយណា មាន​ផល​ប៉ះពាល់​តិចជាង ដើម្បី​យក​មក​ពិនិត្យ​ជាថ្មី មុននឹង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​។​

លោក​អភិបាល បាន​បញ្ជាក់ថា រាល់​ការអភិវឌ្ឍ ចៀស​មិន​ផុតពី​ការប៉ះពាល់ ប៉ុន្តែ​ត្រូវ​កាត់បន្ថយ នូវ​ផល​ប៉ះពាល់​ទាំងនោះ​ឲ្យ​នៅ​តិចតួច​បំផុត​តាមតែ​អាច​ធ្វើ​ទៅបាន មិន​មានន័យថា មាន​ផល​ប៉ះពាល់​មិន​អភិវឌ្ឍន៍​នោះ​ទេ គឺ​ត្រូវ​កែសម្រួល ឬ កាត់​តម្រឹម​ឲ្យ​មាន​តម្លាភាព ពោល​គឺ​យក​ប្រយោជន៍​ជាតិ​ធំ​ជាង​ប្រយោជន៍​បុគ្គល​។

ឯកឧត្ដម​ក៏បាន​ស្នើឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គិតគូរ​ជាពិសេស ដោយ​ពិនិត្យ​លទ្ធភាព រក​ទីតាំង​ឲ្យ​បាន​ត្រឹមត្រូវ បម្រុង​ទុក​សម្រាប់​កសាង​ទ្វារ​ទឹក និង ស្ថានីយ​បូមទឹក ដើម្បី​កុំឲ្យ​មានការ​ជន់​លិច​នៅ​ក្នុង​តំបន់​ទាំង​នោះ នាពេល​អនាគត តាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu