បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅសាលាដំបូងខេត្ត ពីបទចាក់សម្លាប់បុរសម្នាក់ដោយសាររឿងគំនុំ។ ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥នេះ នៅភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទខឹងរឿងនាំយកប្អូនស្រីជនសង្ស័យរបស់ខ្លួនចេញពីផ្ទះបាត់៤ថ្ងៃ។ លោក ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ថា ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ ខ្លី ធា ហៅម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ក្រូច វិបុល ហៅឌីណា ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់នេះ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា នៅពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ គឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីស្ត្រីឈ្មោះ ហៃ ថាដាវ អាយុ៣៣ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះឈ្មោះ ឈាង សុជា មានអាយុ២៣ឆ្នាំ ដែលរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលត្រូវបានជនដៃដល់ និងបក្ខពួក៣នាក់ទៀត បានធ្វើសកម្មភាពចាក់ធ្លាយពោះវៀនបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីហើយបានស្លាប់។ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥វេលាម៉ោង១០និង៣០នាទីយប់ នៅចំណុចផ្លូវលំ ក្រុមទី៥ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកបានបន្តថា ក្រោយពេលទទួលបានពាក្យបណ្ដឹងហើយ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការចុះស្រាវឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ ដោយទី១.ឈ្មោះខ្លីធា ហៅភម៉ាប់ និងទី២.ឈ្មោះ ក្រូច វិបុល ហៅឌីណា ដែលជាបក្ខពួកកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ តែជនដៃដល់ឈ្មោះ នឿន ចាន់នីម ត្រូវបានគេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលជនដៃដល់បានចាក់សម្លាប់ជនរងគ្រោះមកពីជនរងគ្រោះឈ្មោះ ឈាង សុជា ត្រូវជាមិត្តភក្ដិជាមួយជនដៃដល់ឈ្មោះ នឿន ចាន់នីម ដែលជនរងគ្រោះឈ្មោះ ឈាង សុជា មានប្រពន្ធ ហើយបានយកប្អូនមិត្តភក្ដិដែលជនដៃដល់ឈ្មោះ នឿន ចាន់នីម លួចនាំចេញពីផ្ទះបាត់រយៈពេល៤យប់ ហើយនាំមកផ្ទះវិញប្អូនស្រីបានប្រាប់ខឹងនាំមិត្តភក្ដិ២នាក់ជិះម៉ូតូស្ទាក់ចាក់ធ្លាយពោះវៀន ហើយជនរងគ្រោះបានទូរស័ព្ទហៅប្រពន្ធឲ្យមកយកខ្លួនទៅពេទ្យតែអកុសលត្រូវបានស្លាប់នៅមន្ទីរពេទ្យ ចំណែកជនសង្ស័យទាំង២នាក់ក៏ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់ផងដែរ៕
គង្គា
0 Comments