កណ្ដាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ខណៈជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តកូរ៉េបុកចំយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវលេខ១១៥ ភូមិតាក្ដុល សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក សយ ចាន់ នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្នៅ បានឲ្យដឹងថា យុវជនដែលត្រូវរថយន្តកូរ៉េបុកស្លាប់នោះមានឈ្មោះចំរើន ភក្ក្រ័ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
លោកនាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថា នៅវេលាម៉ោង២០ និង៣០នាទីយប់ នៅតាមបណ្តោយផ្លូវ១១៥ សង្កាត់ក្តុល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកណ្ដាល 3A 0738 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខច 7099 ភព1 បើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុហើយភ្លាមៗនោះ ម្ចាស់រថយន្តកូរ៉េបានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោលតែម្តង។ សាកសពត្រូវបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តកម្លាំងជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕ មុនី
0 Comments