Ad Code

ប្រាង្គ​ប្រាសាទ​ជា​ផ្ទាំង​ឯកសារ​សម្រាប់​មនុស្ស​រៀ​ន​សូត្រ​គ្រប់​ជំនាន់

ក្នុង​រយៈពេល​រាប់ពាន់​ឆ្នាំ​កន្លង​មក​នេះ​វិទ្យា សាស្ត្រ​និង​បច្ចេកទេស​នៃ​ការ​បង្រៀន​ និង​រៀន ព្រមទាំង​សម្ភារៈ​សិក្សា​មិន​ទាន់​មាន​ដូច​បច្ចុប្បន្ន​នេះ​ទេ។ បាន​សេចក្តី​ថា ឯកសារ​សៀវភៅ​ប្រដាប់ សរសេរ​និង​រូបថត​នៅ​មិន​ទាន់​មាន ម្ល៉ោះហើយ ដូនតា​ខ្មែរ​បុរាណ​ចង់បាន​ស្នាដៃ​តម្កល់ទុក​សម្រាប់​ទុក​ប្រាប់​កូនចៅ​ឬ​ហៅថា ទុកឲ្យ​កូនចៅ​បាន​រៀន​មានចំណេះដឹង​នោះ មានតែ កសាង​ឃ្លាំង​ជា​មរតក​វប្បធម៌ គឺ​ប្រាង្គ​ប្រាសាទ បុរាណ​ជា​កន្លែង​រៀន​ប្រកបដោយ​ប្រសិទ្ធភាព នៃ​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​?

តាម​ការកត់សម្គាល់​ជាទូទៅ​បានឲ្យដឹង ថា បុព្វបុរស​ខ្មែរ​មានការ​ច្នៃប្រឌិត​អំពី​ថ្ម​នេះ ហើយ​ដែលជា​សម្ភារៈ​សម្រាប់​សិក្សា​បានយូរ​អង្វែង​និង​មាន​ប្រសិទ្ធភាព​នោះ​។ ជាពិសេស ថ្ម​ជា​សម្ភារៈ​រឹងមាំ​និង​មាន​ស្នាមគំនូស​ជាប់​បានយូរ​ដូច​ពាក្យចាស់​បាន​ពោល​តម​កថា​៖ "​ឲ្យ កាប់​ថ្ម​ចំណាំ​" ព្រោះ​ស្លាកស្នាម​នៅលើ​ថ្ម​គឺជា ភស្តុតាង​ឬ​ជា​សាក្សី​ដែល​មិន​ងាយ​រលប់​នោះ ឡើយ​។ ជាក់ស្តែង​គេ​ឃើញ​សិលាចារឹក​គឺ​ការ សរសេរ​អក្សរ​បង្កើតបានជា​អត្ថបទ​តាមរយៈ បណ្ដាំ​ផ្ញើ​និង​ការ​ជូនពរ ឬ​ជា​ព័ត៌មាន​នានា​ព្រម ទាំង​ជា​បណ្ដាសា ហើយ​ក៏មាន​ពាក្យសម្បថ​ផង នោះ វា​ជា​សំណេរ​នៅលើ​ថ្ម​ដែលមាន​ការ​គង់ វង្ស​ដល់​បច្ចុប្បន្ននេះ។ ទន្ទឹមនឹង​ឯកសារ​ជា សំណេរ​នៅលើ​ថ្ម ក៏មាន​ចម្លាក់​ក្បាច់ក្បូរ​បង្ហាញ អំពី​ព្រឹត្តិការណ៍​សង្គម ឬ​ជា​ព័ត៌មាន​ជាតិ​ទាំង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​សកម្មភាព កងទ័ព​ក្នុងការ​ប្រយុទ្ធ​ការពារ​ប្រទេសជាតិ​...។ តើ​សកម្មភាព​និង​វិធី​នៃ​ការរៀន​នោះ​មាន​ដូច ម្តេច​ខ្លះ​?

តាម​ធម្មតា ផ្ទាំង​ឯកសារ​តាម​ប្រាង្គ​ប្រាសាទ បុរាណ​នានា​របស់​ខ្មែរ គឺ​អ្នក​ចេះអក្សរ​ក៏​រៀន​បាន​និង​អ្នក​អត់​ចេះអក្សរ​ក៏​រៀន​បានដែរ​។ ចំពោះ​អ្នក ចេះអក្សរ​គឺ​គេ​អាន​អក្សរ​តាម​សិលាចារឹក​ដោយ មានការ​បកប្រែ​បានដឹង​ខ្លឹមសារ ឬ​ជា​ពាក្យ​បណ្ដាំ របស់​បុព្វបុរស​ថា​យ៉ាងណាៗ​បាន​យល់ច្បាស់ រហ័ស​ទាន់​ចិត្ត​។ បន្ទាប់មក​គេ​សិក្សា​តាមរយៈ ចម្លាក់​ថ្ម​អំពី​ការងារ​សង្គម​។ ប៉ុន្តែ​ចំពោះ​អ្នក ដែល​មិនចេះ​អក្សរ​វិញ​នោះ គឺ​គេ​មើលឃើញ​រួប ភាព​នៃ​ក្បាច់ចម្លាក់​ទាំងអស់ ហាក់ដូច​ជាមាន​សកម្ម​ភាពរស់រវើក​តាម​កា​រងារ​សាមញ្ញ​របស់ មនុស្ស​ដែល​ហាក់ដូចជា​គេ​ឆ្លុះកញ្ចក់​បានឃើញ និង​បាន​យល់ច្បាស់ ឬ​បាន​ជ្រួតជ្រាប​យ៉ាង​នោះដែរ​។ គេ​មើល​រូបភាព​នេះ​ក៏​គេ​បាន​ចេះ​ចាំ​ដូចជា​ការអាន​អក្សរ​ដែរ​អី​តើ​។ ជាពិសេស​ឯកសារ ទាំងនោះ​ក៏បាន​បង្ហាញ​អំពី​ប្រពៃណី​ទំនៀម ទម្លាប់​នៃ​ការប្រតិបត្តិ​សាសនា​និង​ការធ្វើ​សក្ការបូជា​ព្រះអាទិទេព​ប្រកបដោយ​កាយវិការ​ឱន លំទោន​និង​មាន​សីលធម៌​ដែល​ទុកជា​មេរៀន នៃ​អ្នកទស្សនា​ពិតប្រាកដ​។​

កត្ដា​សំខាន់​ម្យ៉ាងទៀត ចំពោះ​បញ្ហា​ស្ថាបត្យកម្ម​បុរាណ​ដែលជា​សំណង់​អំពី​ថ្ម ក៏​ជា​មូលដ្ឋាន ដ៏​សំខាន់​នៃ​ការសិក្សា​របស់​វិស្វករ សិល្បករ និង វិចិត្រករ​គ្រប់​ជំនាន់​ដែលជា​ឃ្លាំង​ចំណេះវិជ្ជា​ដ៏​សំបូរបែប​និង​មិនចេះ​រីងស្ងួត​។ ឧទាហរណ៍​៖ ពួក​ជាងសំណង់​បាន​រៀនសូត្រ​ពី​ប្រាង្គ​ប្រាសាទ បុរាណ​តាមរយៈ​សំណង់​មានការ​តម្រួត​ថ្ម​គរ​លើ​គ្នា​ដែល គិត​តាម​បច្ចេកទេស​ហៅថា ទីប្រជុំ​ទម្ងន់​ដែល ធានា​នូវ​ភាព​ជាប់​រឹងមាំ​។ ជាក់ស្តែង​ដូច​ក្រុម ជាង​តម្រៀប​ថ្ម​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ក្នុងការ​សង់ស្ពាន​ដូចជា​ស្ពាន​កំពង់ក្តី​ជាដើម គឺ ជា​បច្ចេកទេស​ដ៏​ឆ្នើម​បំផុត​ទុកជា​មេរៀន​គំរូ​ដ៏ សំខាន់។ ដោយឡែក​ក្រៅពី​សំណង់​ថ្ម​ក៏​គេ ឃើញ​ក្បាច់ចម្លាក់​ទាំងឡាយ​នៅលើ​ជញ្ជាំង ប្រាសាទ​ក៏​ជា​មេរៀន​ដល់​សិល្បករ​និង​វិចិត្រករ សិក្សា​បន្ដ​ផងដែរ​។ ដូចជា​ក្បាច់ចម្លាក់​ប្រាសាទ បន្ទាយស្រី​ជា​ចម្លាក់​មេ​សម្រាប់​អ្នកសិក្សា​គ្រប់ ជំនាន់ រៀនសូត្រ​និង​ត្រងត្រាប់​ចម្លង​យកទៅ ប្រើប្រាស់​រហូតដល់​បច្ចុប្បន្ន​នេះ​។​

សរុបសេចក្តី​មក គ្រប់​ប្រាង្គ​ប្រាសាទបុរាណ ទាំងអស់ រចនាប័ទ្ម​នៃ​ការ​កសាង​ដោយ​ថ្ម​ព្រម ទាំង​ក្បាច់ចម្លាក់​សិលាចារឹក​រូបភាព​និង​បដិមា​ទាំងអស់​បាន​បន្សល់ទុក​ជា​ផ្ទាំង​ឯកសារ​នៃ​បុព្វបុរស​ទុកឲ្យ​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​ទាំងអស់​សិក្សា​រៀនសូត្រ​និង​បន្ដ​កែលម្អ​វប្បធម៌​របស់​ជាតិ​ស្របតាម​តម្រូវការ​នៃ​កាលៈទេសៈ ដើម្បី​វឌ្ឍនភាព​នៃ​ជាតិខ្មែរ​៕

ឥន្ទ្រី​យ៍​ខ្មៅ​


Post a Comment

0 Comments

Close Menu