Ad Code

អ្នកនយោបាយ​កំពុង​យក​សាសនា​ ជា​ឈ្នាន់​ឬ?

ក្រុម​សង្គម​ស៊ី​វិល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​បង្ក​ស្ថានការណ៍​ផ្សេងៗ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​បក្ខពួក​របស់​ខ្លួន​មួយ​ក្តាប់​តូច។ ប៉ុន្តែ​ពួកគេ​ទាំងនោះ​ប្រហែលជា​មិន បាន​គិត​ពី​ផល​ប្រយោជន៍​របស់​សាធារណជន​ទូទៅ​នោះ​ទេ។ យ៉ាងណាមិញ នេះ​ប្រហែលជា​គោលនយោបាយ​របស់​ពួកគេ ដែល​ត្រូវ​តែ​ធ្វើ បែបនេះ ដើម្បី​បាន​ផល​គ្រាន់​នឹង​ចិញ្ចឹម​ជីវិត​របស់​ពួកគេ​។ ក្រោយពី​មាន​ចលនា​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​មាន​ភាពវឹកវរ​ក្នុង​ទីក្រុង​ភ្នំពេញ​មក ពួកគេ​បាន​ព្យាយាម​រក​គ្រប់​មធ្យោបាយ ដើម្បី​បង្កើត សកម្មភាព​ថ្មីៗ​តាម​ទ្រឹស្តី​ចាស់​។ ជាក់ស្តែង​ពួក គេ​បាន​និមន្ត​ព្រះសង្ឃ​មក​ធ្វើជា​គោល​ក្នុង​បំណង​អូសទាញ ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​ច្រើន​។ តើ​មូល​ហេតុអ្វី​បានជា​អ្នកនយោបាយ​មួយចំនួន​តូច យក​ព្រះពុទ្ធសាសនា មក​ធ្វើជា​ខែល ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​?

ព្រះពុទ្ធសាសនា​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ចាត់ទុកថា​ ជា​សាសនា​មួយ ដែល​បានធ្វើ​ឲ្យពួកគាត់​រស់នៅ​ប្រកបទៅដោយ​សន្តិ ភាព​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត​។ ដោយហេតុនេះ ព្រះពុទ្ធសាសនា ត្រូវបាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ថាជា​សាសនា​របស់​រដ្ឋ​។ ការ​ចាត់ទុកថា​ព្រះពុទ្ធ សាសនា​ជា​សាសនា​របស់​រដ្ឋបានន័យថា​មនុស្ស​គ្រប់គ្នា​មិន​ថា​អ្នកមាន​និន្នាការ​នយោបាយ​បែបណា​នោះទេ ប៉ុន្តែ​ពួកគេ​អាច​គោរពបូជា​បាន​គ្រប់ៗ​គ្នា​។

ដោយឡែក​បច្ចុប្បន្ននេះ អ្នកនយោបាយ​មួយចំនួន​បាន​យក​ព្រះពុទ្ធសាសនា​មក​ធ្វើជា​មធ្យោបាយ​មួយ​សម្រាប់​ទាក់ទាញ​អ្នកគាំទ្រ​របស់ខ្លួន​។ ទាក់ទាញ​អ្នកគាំទ្រ​នៅត្រង់ថា​ពួកគេ​បាន​និមន្ត​ព្រះសង្ឃ​មក​ចូលរួម​ក្នុង​សកម្មភាព​បាតុកម្ម​ផ្សេងៗ ឬ​សកម្មភាព​ទាមទារ​ចង់បាន​អ្វីមួយ​។ ជាក់ស្តែង​គណបក្សប្រឆាំង​មួយ​នៅ​កម្ពុជា ដែលជា​គណបក្ស​មាន​ជំនាញ​បាតុកម្ម បាន​និមន្ត​ព្រះសង្ឃ​មកជា​ញឹកញាប់ ដើ​ម្ប​ឲ្យ​ព្រះសង្ឃ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​។ ដូច​អ្វី ដែល​យើង​បានដឹងហើយថា ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ព្រះពុទ្ធសាសនា​ស្ទើរតែ​៩០​ភាគរយ ដូច្នេះ​នៅពេល ដែល​គាត់​ឃើញ​ព្រះសង្ឃ ដែល​គាត់​តែង​គោរព​ក្លាយជា​សកម្មជន​នយោបាយ នោះ​គាត់​អាច​នឹង​ខកចិត្ត ហើយ​អស់ជំនឿ​លើ​សាសនា​ទាំងមូល​ក៏​ថា​បាន​។ ជាក់ស្តែង​សកម្មភាព ឬ​ទង្វើ​យក​សាសនា​មក​ធ្វើជា​មធ្យោបាយ​ទាក់ទាញ​ប្រជាប្រិយភាព​បាន​ទាក់ទាញ​មនុស្ស​មួយចំនួន​ក៏ដោយ ប៉ុន្តែ​មនុស្ស​មួយចំនួនទៀត​អាច​នឹង​យល់ថា​សាសនា​និង​នយោបាយ​មិនគួរ​ឡូកឡំ​ជាមួយគ្នា​នោះទេ។

ក្រៅ​ពី​នេះ ការ​យក​ព្រះសង្ឃ​មក​ធ្វើជា​ខែល​ក្នុង​ការ​ទាមទារ​អ្វីមួយ ក៏​កំពុងតែ​ក្លាយ​ជា​ស្តាយ៍​(​បែបបទ​)​ពេញនិយម​ផងដែរ​នៅ​កម្ពុជា​។ ក្នុងករណីនេះ មិនថាតែ​គណបក្សប្រឆាំង ឬ​សង្គម​ស៊ីវិល​និន្នាការ​ប្រឆាំង​ក៏បាន​ប្រើប្រាស់​នូវ​មធ្យោបាយ​នេះ​ជារឿយៗ​ផងដែរ​។ ពួកគេ​និមន្ត​ព្រះសង្ឃ ហើយ​បង្គាប់​ព្រះសង្ឃ​ឲ្យ​ធ្វើតាម​ការចង់បាន​រប​ស់​ពួកគេ ឬ​ក្រុម​គេ​។ ជាក់ស្តែង​ពួកគេ​ចង់​ឲ្យ​ព្រះសង្ឃ​និមន្ត​បិណ្ឌ​បាត្រ ឬ​ផ្កាប់​បាត្រ ដើម្បី​សុំ​អ្វីមួយ​ជាដើម ដែល​ហេតុការណ៍​នេះ ហាក់ដូចជា​នៅ​ថ្មីៗ​នៅឡើយ។

ព្រះសង្ឃ​ឬ​សាសនា គឺជា​ផ្នែក​មួយ​នៃ​សង្គម​កម្ពុជា ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដែរ ពោលគឺ​ព្រះសង្ឃ​គឺជា​បុគ្គល ដែល​មនុស្ស​គ្រប់គ្នា មិនថាតែ​អ្នកមាន​និន្នាការ​បែបណា​នោះទេ ប៉ុន្តែ​ពួកគេ​តែងតែ​ជឿ និង​ឲ្យ​តម្លៃ​ទៅលើ​គុណធម៌​របស់​ព្រះសង្ឃ​។ ផ្ទុយទៅវិញ បើ​ព្រះសង្ឃ ដែលជា​បុគ្គល​មនុស្ស​គ្រប់គ្នា​គោរព ហើយ​បែរជា​ចូលរួម​ប្រឡូក​ធ្វើជា​សកម្មជន​នយោបាយ នោះ​វា​នឹង​ក្លាយជា​រឿង​អាក្រក់​ទៅវិញ​ទេ​។ រឿង​អាក្រក់​នៅត្រង់ថា​ព្រះពុទ្ធសាសនា ដែល​ចែង​នៅក្នុង​គម្ពី​រថា​មាន​អាយុ​រហូតដល់​ប្រាំ​ពាន់​ព្រះវស្សា​អាច​នឹង​រលត់​បាត់​ក៏​ថា​បាន​ក្នុងសម័យ​ថ្មី​នេះ​។

កាលពី​សម័យ​មុនគេ​បានដឹងថា​ព្រះសង្ឃ គឺ​ដើរតួ​សំខាន់​ណាស់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម ដូចជា​ការចូលរួម​ក្នុងការ​ថែរក្សា​អក្សរ​សាស្រ្តខ្មែរ ជួយ​បង្រៀន​កូន​អ្នកស្រុក​ជាដើម។ ប៉ុន្តែ​សម័យ​បច្ចុប្បន្ននេះ​វិញ វត្ត​អារាម​មួយចំនួន​បាន​ក្លាយទៅជា​ទីកន្លែង​នយោបាយ ដោយមាន​ការបែងចែក​បក្ខពួក​ក្នុង​វត្ត​អារាម​ទៀតផង​។ ឧទ​ហរ​ណ៍ ថាបើ​វត្ត​មួយ​មាន​ព្រះសង្ឃ​មាន​និន្នាការ​នយោបាយ​គណបក្ស​"​ក​" នោះ​អ្នកគាំទ្រ​គណបក្ស​"​ក​"​នឹង​នាំយក​នូវ​ចង្ហាន់​ទៅ​ប្រគេន​។ ប៉ុន្តែ​ពុទ្ធបរិស័ទ ដែលមាន​និន្នាការ​នយោបាយ​គណបក្ស​"​ខ​" ច្បាស់​ជា​មិន​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​នោះទេ។ ជា​លទ្ធផល​នៃ​ការ ចូល​ខ្លួន​ជា​សកម្មជន​គណបក្សនយោបាយ​របស់ព្រះសង្ឃ​មួយចំនួន គឺ​ធ្វើ​ឲ្យ​អ្នក​គោរព​ព្រះពុទ្ធសាសនា​ទូទៅ​អស់ជំនឿ​លើ​សាសនា។

ដូច្នេះការប្រកាស​ពី​គោលជំហរ​របស់​ព្រះសង្ឃ​ជា​សកម្មជន​នយោបាយ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​បញ្ហា​នេះ អាច​នឹង​ប៉ះពាល់​ដល់ព្រះ ពុទ្ធសាសនាដែលជា​សាសនា​របស់​រដ្ឋ​។ ម្យ៉ាង វិញទៀត អ្នកនយោបាយ​មួយចំនួន​មិនគួរ​ទាញ​ព្រះសង្ឃ​មក​ចូលប្រឡូក​ក្នុង​សកម្មភាព​នយោ បាយ​រប​ស់​ខ្លួន​ឡើយ ព្រោះ​មានតែ​ព្រះសង្ឃ​ទេ​ស្អាតស្អំ ស្មោះត្រង់ មិន​ដូចជា​អ្នកនយោបាយ​មួយចំនួន ដែល​តែងតែ​ពោល​នូវ​ពាក្យ​កុហក​នោះទេ​៕


Post a Comment

0 Comments

Close Menu