ភ្នំពេញ ៖ ឆាកជីវិតរបស់មនុស្សម្នាក់ៗរមែងតែងតែជួបនូវរាល់ភាពលំបាកជៀសមិនរួចឡើយ មិនថាបុគ្គលនោះរស់នៅក្នុងសង្គមទំនើប ឬតាមស្រុកស្រែជនបទឡើយ។ យ៉ាងណាមិញប្រសិនបើបុគ្គលនោះមិនចេះប្រឹងប្រែង និងតស៊ូជម្នះរាល់បញ្ហាដែលកើតមានឡើងនោះទេ នោះជីវិតរបស់អ្នកក៏មិនអាចទទួលបាននូវភាពជោគជ័យនោះដែរ។ ជាក់ស្ដែងដូចជាកុមារីម្នាក់នាងបានពុះពារ ខិតខំប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញក្នុងឆាកជីវិតរហូត ធ្វើឲ្យនាងបានក្លាយទៅជាពិធីការិនីដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។ ទម្រាំក្លាយជាស្ត្រីល្បីឈ្មោះម្នាក់ក្នុងសង្គមសិល្បៈ អ្នកនាង យុគ ចិន្តាមានអតីតកាល និងប្រវត្តិតស៊ូដ៏គួរឲ្យស្ងើចសរសើរ។ ដើម្បីជ្រាបកាន់តែច្បាស់ថា អ្នកនាង យុគ ចិន្ដា មានប្រវត្តិតស៊ូ និងឆ្លងកាត់ការលំបាកបែបណាខ្លះពេលនេះ កម្ពុជាថ្មី សូមពាំនាំអារម្មណ៍មិត្តអ្នកអានមកជួបជាមួយជីវប្រវត្តិ និងដំណើរដើមទងនៃការឈានជើងចូលក្នុងវិស័យសិល្បៈរបស់អ្នកនាងដែលមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោមនេះ។
អ្នកនាង យុគចិន្តា កើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៥ នៅឃុំបាសាក់ ស្រុកបាយាប ខេត្តស្វាយរៀង។ បន្ទាប់ពីរបរប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ ជីវភាពរបស់អ្នកស្រី ខឹម ផល្លី ដែលត្រូវជាម្ដាយមានការប្រែប្រួលក្នុងគ្រួសារធ្វើឲ្យគាត់ត្រូវសម្រេចចិត្ត ផ្លាស់ទីលំនៅមករកស៊ីនៅរាជធានីភ្នំពេញ ខណៈដែលស្វាមីបានទទួលមរណភាពក្នុងសម័យនោះ។ ក្នុងឆ្នាំ១៩៨០ កុមារី យុគចិន្តា និងក្រុមគ្រួសារបានផ្លាស់ទីលំនៅមកភ្នំពេញហើយបានបញ្ជូនអ្នកនាងឲ្យសិក្សានៅសាលាបឋមសិក្សាបដិវត្ត។ ក្នុងជីវិតរស់នៅជាក្មេងកំព្រាឪពុក សល់តែម្ដាយជាស្ត្រីមេម៉ាយ ហើយទទួលបន្ទុកចិញ្ចឹមកូន៥នាក់ ចិន្តា បានតស៊ូព្យាយាមក្នុងការសិក្សា និងឆ្លៀតធ្វើការងាររត់តុដើម្បីជួយសម្រួលជីវភាពគ្រួសារ។ ដោយសារតែភាពអំណត់តស៊ូមិនរាថយ ទើបនាងបានក្លាយជាសិស្សពូកែអក្សរសាស្ត្រខ្មែរដែលបានទទួលងារជាកុមារឈានមុខក្នុងឆ្នាំ១៩៨៥ ផ្នែកអក្សរសាស្ត្រខ្មែរ។ ក្រោយពីរបបប្រល័យពូជសាសន៍បានដួលរលំ ស្ថានភាពគ្រួសារនីមួយៗបានផ្ដើមរស់នៅពីបាតដៃទទេ ដោយខ្លះធ្វើជាកម្មករ និងខ្លះទៀតឆ្លៀតយកកូនទៅផ្ញើនៅមណ្ឌលកុមារកំព្រា ឬប្រកបរបរកសិកម្មតាមបណ្ដាខេត្ត ឬការងារផ្សេងៗជាច្រើនទៀត។ ចំណែកម្ដាយអ្នកនាង យុគចិន្តា មិនមែនជាកសិករទេ តែជាអ្នករកស៊ីម្នាក់ ហើយបានជំរុញឲ្យកូនទាំង៥នាក់ចូលសិក្សាគ្រប់ៗគ្នា រហូតបានផ្ដល់ឱកាសឲ្យកូនទី២ គឺអ្នកនាង យុគ ចិន្កា បានបញ្ចប់ការសិក្សានៅវិទ្យាល័យ វត្តកោះ ដោយជោគជ័យនៅឆ្នាំ១៩៩១។ រួចក្រោយមកបានបន្តការសិក្សានៅសកលវិទ្យាជាតិគ្រប់គ្រង។
អ្នកនាង យុគចិន្តា បានលើកឡើងថា “ក្រោយបញ្ចប់វិទ្យាល័យ ខ្ញុំបានឆ្លងកាត់ជីវិតជាអ្នករត់តុឆ្អែតឆ្អន់ហើយ ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩២។ ទោះយ៉ាងណាសម័យនោះមិនមែនមកពីជីវភាពក្រីក្រទេ….. ប៉ុន្តែខ្ញុំចង់រកលុយបានដោយខ្លួនឯង”។ លើសពីនេះពិធីការិនី យុគ ចិន្តា បានបញ្ជាក់ថា ដំបូងឡើយនិស្ស័យពីកំណើតរបស់នាងចូលចិត្តផ្នែកគំនូរ ក្រៅពីនេះនាងថា ក្នុងវ័យសិក្សាមិនមានអ្វីធ្វើឲ្យចងចាំក្រៅពីបានធ្វើជាអ្នករត់តុឡើយ។ នៅឆ្នាំ១៩៨៨ ការចំណាយក្នុងគ្រួសារចាប់ផ្ដើមទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ ដូច្នេះក្រោយពេលទំនេរពីការសិក្សា នាងធ្វើការនៅសណ្ឋាគារស្ថិតក្នុងវិថីព្រះមុនីវង្សទទួលបានប្រាក់ខែ៥ម៉ឺនរៀលដើម្បីមកជួយទប់ទល់ការសិក្សា និងជួយសម្រាលបន្ទុកដល់គ្រួសារ។ ចាប់តាំងពីឆ្នាំ១៩៩២ ជីវិតជាអ្នករត់តុរបស់ យុគ ចិន្តា បានប្រែប្រួលភ្លាមៗ ក្រោយគេស្គាល់ពីទេពកោសល្យជាក្មេងស្រីម្នាក់ចេះស្រលាញ់ការងារ ក្រោយមកបានផ្លាស់ទៅបម្រើការងារជាអូតេស្ដនៅក្រុមហ៊ុនទេសចរណ៍កម្ពុជា។
អ្នកនាង យុគចិន្តា បានរៀបរាប់ថា “កាលពីខ្ញុំអាយុ១៦ឆ្នាំ ខ្ញុំធ្វើការបានប្រាក់ខែតែ៥ម៉ឺនរៀលទេ។ តែក្រោយមកទៀតដោយសារតែឃើញទូរទស្សន៍ IBC បានប្រកាសជ្រើសរើសបុគ្គលិក ខ្ញុំមានសំណាងបានចូលធ្វើតេស្តសាកល្បងអានព័ត៌មាន បន្ទាប់មកទៀតក៏បានជាប់បម្រើការងារនៅទីនោះតែម្ដង”។ អ្នកនាង យុគ ចិន្ដា បានមានប្រសាសន៍បន្តទៀតថា “ពិតជាមានការលំបាកណាស់ទម្រាំជាប់ ព្រោះគេជម្រុះក្នុងចំណោមមនុស្ស៣ពាន់នាក់រហូតនៅសល់៣នាក់ចុងក្រោយ។ “ខ្ញុំសប្បាយចិត្តណាស់ពេលបានជាប់ចុងក្រោយមានគ្នាបីនាក់ ហើយមានខ្ញុំម្នាក់ដែរ។ ដំបូងទទួលបានប្រាក់ខែត្រឹម១២០ដុល្លារ ហើយខ្ញុំធ្វើការងារដំបូងអត់ស្គាល់ថាត្រូវធ្វើវាយ៉ាងម៉េចទេ…. ពេលនោះមានការលំបាកខ្លាំងណាស់ ព្រោះម្យ៉ាងទៀតគេតម្រូវឲ្យចេះភាសាថៃទៀត”។ នៅឆ្នាំ១៩៩៤ ស្ថានីយទូរទស្សន៍IBC ត្រូវបានប្ដូរទៅជាទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។
ចិន្តា អធិប្បាយថា ការចាប់អាជីពជាពិធីការិនីនៅទីនោះបានទទួលការបណ្ដុះបណ្ដាលច្រើន ពីជនជាតិថៃទាក់ទង់នឹងអាជីពប្រចាំថ្ងៃ។ ក្រោយមក ដោយសារតែទទួលការហាត់ពត់ជាមួយពិធីករជើងចាស់ដោយផ្ទាល់ ធ្វើឲ្យការងារនៅប៉ុស្តិ៍លេខប្រាំទទួលបានជោគជ័យច្រើនរហូតត្រូវបានចៅហ្វាយនាយគោរពស្រលាញ់ និងផ្ដល់ឱកាសការងារច្រើនឲ្យគ្រប់គ្រងកាន់តែធំទៅៗ។ ពិធីការិនីកំពុងមានប្រជាប្រិយនៅCTN បាននិយាយថា “ខ្ញុំធ្វើការនៅប៉ុស្តិ៍លេខ៥មិនដឹងថាការងារនេះអស្ចារ្យទេ ធ្វើយ៉ាងម៉េចឲ្យតែបានលុយ ក្រោយមកទើបដឹងថាខ្លួនមានតម្លៃ។ ដំបូង ទោះការងារមានការលំបាកមែន ព្រោះគេតម្រូវឲ្យយើងខ្លាំងភាសាខ្មែរមានន័យថា អានច្បាស់ និងចំពាក្យមួយៗ ដូច្នេះហើយទីនោះ គឺជាកន្លែងបណ្ដុះបណ្ដាលជំនាញពិធីការិនី អ្នកដឹកនាំកម្មវិធី ហើយជាថ្នាលដ៏ពិសេសទើបមានដល់សព្វថ្ងៃ“។ ដោយសារតែកេរ្តិ៍ឈ្មោះល្បីស្រាប់ពីប៉ុស្តិ៍លេខ៥ ទើបនៅពាក់កណ្ដាលឆ្នាំ២០០៣ អ្នកនាង យុគចិន្តា ចូលបម្រើការងារនៅCTN មានតួនាទីជាអ្នកគ្រប់គ្រងផ្នែកផលិតកម្មវិធី។ ពិធីការិនីរូបនេះបានឲ្យដឹងថា CTN ជាកន្លែងចាប់ផ្ដើមបើកទំព័រថ្មី និងជាកន្លែងបញ្ចេញសមត្ថភាពពិតៗ ហើយក៏ជាឱកាសមួយមិនធ្លាប់មានពីមុនមក។ អ្នកនាងនិយាយថា“ចំណូលចិត្តខ្ញុំពិតទៅថ្ងៃអនាគតគឺចូលចិត្តរកស៊ី ប៉ុន្តែឥឡូវចាំបាច់បើល្បីហើយត្រូវតែចាប់យកអាជីពទាំងពីរទើប បាន”។ នៅពេលដែលបោះជំហានលើវិថីសិល្បៈ និងជាអ្នកផលិតកម្មវិធីប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាងយុគ ចិន្តា បានជួយដល់គ្រួសារកាលពីឆ្នាំ២០០៥ដល់ឆ្នាំ២០១០ ពោលនាងបានជួយ គ្រួសារ និងប្អូនៗឲ្យបានទៅរស់នៅអាមេរិក រួចបានបង្កើតក្រុមហ៊ុននៅទីនោះឈ្មោះ VIDIO យុគ ចិន្តាខ្មែរ និងហាងនំប៉័ងឈ្មោះ Donat Simly។ ដូចដែលអ្នកនាង យុគ ចិន្ដា បានលើកឡើងពីខាងលើរួចមកហើយថា អ្នកនាងចូលចិត្តរកស៊ី ឥឡូវនេះគេបានសង្កេតឃើញអ្នកនាង យុគ ចិន្ដា បានបើកហាងកាត់សំលៀកបំពាក់ ដែលមានស្លាកយីហោ “អម” និងភោជនីយដ្ឋាន “ស្លឹកចាក” ដែលមានមជ្ឈដ្ឋានមួយចំនួនប៉ាន់ប្រមាណថា មានតម្លៃជិតលានដុល្លារឯណោះ។
ពិធីការិនីរូបនេះបានបន្ថែមទៀតថា “ ខ្ញុំមានផែនការ៥ឆ្នាំម្ដង ត្រូវតែធ្វើឲ្យបានជោគជ័យអ្វីមួយ ដូចជាពេលនេះ….ខ្ញុំបានដាក់ផែនការហើយ គឺឆ្នាំ២០១០ទៅដល់២០១៥។ ខ្ញុំបានធ្វើវាជោគជ័យមួយជំហានហើយ គឺការបើកហាងស្លឹកចាក និងហាងកាត់សំលៀកបំពាក់ ..អ៊ីចឹងសល់តែការផលិតកម្មវិធីនៅCTNថ្មីទៀតនៅពេលខាងមុខនេះ។ អ្នកនាងទទួលស្គាល់ថា ធ្វើជំនួញមានការលំបាកច្រើនជាងពិធីការិនី ព្រោះត្រូវប្រើកម្លាំង សមត្ថភាព ដើមទុន។ នៅពេលសួរថា តើអ្នកនាងធ្វើវាយ៉ាងម៉េចទៅ? នាងអះអាងថា “យើងដាក់ទុនហើយខ្លាចវាមិនដើរ ម្យ៉ាងក៏ខ្លាចអស់ដើមដែរ ប៉ុន្តែខ្ញុំមិនរាថយឡើយ ព្រោះប្រយោជន៍ផ្ដល់ការងារដល់កូនខ្មែរ”។ក្រៅតែពីអាជីពជាពិធីការិនី អ្នកនាងត្រូវគេចាត់ទុកថាជាអ្នកជំនួញវ័យក្មេងដ៏លេចធ្លោម្នាក់ក្នុងសង្គមសិល្បៈ ដោយក្នុងនោះនាង ហាងផ្ទាល់ខ្លួនចំនួន៦ ក្នុងប្រទេសបី និងក្រៅប្រទេសបី។ ហាងនៅក្នុងស្រុករបស់ពិធីការិនីរូបនេះមានដូចជាភោជនីយដ្ឋានស្លឹកចាក ហាងរចនាម៉ូដ និងសំលៀកបំពាក់អម និងហាងគុយទាវ។ ដោយឡែកហាងបីទៀតនៅសហរដ្ឋអាមេរិកមានដូចជា ហាង Video យុគចិន្ដាខ្មែរហាងនំប៉័ង DonatSimly និងហាងសំលៀកបំពាក់។
ពិធីការិនីល្បីឈ្មោះបានសម្ដែងសុទិដ្ឋិនិយមថា ការធ្វើជំនួញ ឬជាពិធីការិនីល្បីបានវាមិនមែនងាយស្រួលទេ។ ប៉ុន្តែសម្រាប់អ្នកនាងផ្ទាល់ជួបឧបសគ្គច្រើន ដោយឆ្លងកាត់ជីវិតជាអ្នករត់តុ រហូតបានមកដល់សព្វថ្ងៃនេះ។ ដូច្នេះភាពជូរចត់នេះហើយដែលជំរុញឲ្យក្លាយជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងសង្គម៕
ពិធីការិនី អ្នកនាង យុគ ចិន្ដា ធ្លាប់ឆ្លងកាត់ជីវិតជាអ្នករត់តុ...
0 Comments