សម្រាប់ជំនួបលើកទី៦ រវាងអ្នកប្រដាល់ទាំង៤រូបនោះ គឺសូយ យក្សតឿ អ្នកប្រដាល់ក្លិបពោធិជ័យកីឡា ត្រូវជួបជាមួយ ចៅ ផលឌឿ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង និងមួយគូទៀត គឺ អ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ត្រូវជួប ឯម ខ្លឹមខ្មៅ អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ។
រវាង សូយ យក្សតឿ និងចៅ ផលឌឿ ធ្លាប់ជួបគ្នា២លើកហើយកន្លងមក ដោយវាយឈ្នះចាញ់ពិន្ទុគ្នាម្ដងម្នាក់។ ទោះជាមានប្រវត្តិធ្លាប់ឈ្នះចាញ់គ្នាកន្លងមកក៏ដោយ ក៏ សូយ យក្សតឿ គេនៅតែមានប្រៀបឈ្នះលើ ផលឌឿ ដែរ ដោយសារតែ យក្សតឿ ខ្ពស់ជាង។ ដូច្នេះសម្រាប់ការជួបគ្នានេះ ក្រុមអ្នកវិភាគប្រដាល់បានធ្វើការវាយតម្លៃ និងសន្និដ្ឋានមុនថា ចៅ ផលឌឿ មិនអាចឈ្នះ សូយ យក្សតឿ នោះឡើយ។
ចៅ ផលឌឿ ប្រកួត៥លើកកន្លងមក ឈ្នះ៣ ចាញ់២ប្រកួត ខណៈដែល៥ប្រកួតរបស់ សូយ យក្សតឿ គឺឈ្នះទាំង៥ប្រកួត។ ចៅ ផលឌឿ បើចាញ់មួយប្រកួតលើកនេះនោះ គេប្រហែលជាត្រូវខ្ទាតចេញពីការប្រកួតប្រកួតខ្សែក្រវាត់នេះហើយ។
ចំពោះការជួបប្រកួតរវាង អ៊ុំ ចំរើន អ្នកប្រដាល់ជើងខ្លាំង នៃក្លិបតាឡីដំរីមានរិទ្ធ និង ឯម ខ្លឹមខ្មៅ អ្នកប្រដាល់ជើងខ្លាំងនៃក្លិបឫទ្ធីពោធិសែនជ័យ គឺជាការប្រកួតដែលមានលក្ខណៈតឹងតែង និង ពិបាកទាយថាអ្នកណាឈ្នះអ្នកណាចាញ់នោះ។ ប៉ុន្តែយ៉ាងណា ឯម ខ្លឹមខ្មៅ ថ្វីត្បិតតែជាជើងខ្លាំងនិងជាម្ចាស់ខ្សែក្រវាត់នោះ មិនរំពឹងថាឈ្នះ អ៊ុំ ចំរើន នោះទេ។
ដោយសារតែ ឯម ខ្លឹមខ្មៅ ពេលនេះគេមិនខ្លាំងដូចពីមុន។ ខ្លឹមខ្មៅ ៥ប្រកួតកន្លងមកគេឈ្នះ៣ ចាញ់២ប្រកួត។ ដូច្នេះលើកនេះ គេត្រូវការឈ្នះជាចាំបាច់។ ឯ អ៊ុំ ចំរើន ៥ប្រកួត ឈ្នះទាំង៥ប្រកួត។
គួរបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមអ្នកប្រដាល់ទាំង៨រូប ដែលចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់គូបូតា ទម្ងន់៦៧គីឡូក្រាមនេះ ផល សុផាត ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ លួន សុខខេង ក្លិបអាស៊ីកីឡា និងទឹម សាន្ត ក្លិបកុសលកីឡា ត្រូវគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បញ្ឈប់លែងឲ្យប្រកួតហើយ ដោយសារតែអ្នកប្រដាល់ទាំងបីរូបនេះ ប្រកួតមិនអស់ពីសមត្ថភាព៕
ជម្រុះខ្សែក្រវាត់គូបូតា ៖ សូយ យក្សតឿ ជួប ចៅ ផលឌឿ រីឯ អ៊ុំ ចំរើន ជួបឯម ខ្លឹមខ្មៅ
0 Comments