Ad Code

សិក្ខាសាលា​សមាហរណកម្ម​ផែនការ​ថ្នាក់​ស្រុក ក្នុងស្រុក​ស្ទោង


កំពង់ធំ ៖ សាលាស្រុក​ស្ទោង​បាន​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​ថ្នាក់​ស្រុក​ក្រោម​អធិប​តេយ្យ​ភាព លោក ​គង់ ​វិមាន អភិបាលរង​ខេត្តកំពង់ធំ លោក​ ព្រឹម ​រដ្ឋា អភិបាលស្រុក​ស្ទោង ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​ផែនការ​ខេត្ត លោក​មេភូមិ មេឃុំ ព្រមទាំង​មន្ត្រី​នានា​ជុំវិញ​ស្រុក​ស្ទោង ប្រមាណ​ជាង​១០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥។​

លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​អាន​សុន្ទរកថា និង​របាយការណ៍​សង្ខេប​ស្ដីពី​ផែនការ​ថ្នាក់​ស្រុក ​ក៏ដូចជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​អនុវត្តន៍​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច រចនាសម្ព័ន្ធ សេវា​សាធារណៈ ក្នុងភូមិ ឃុំ ស្រុក ខេត្ត ក្រុង ក្នុង​គោលដៅ​បំបាត់​ភាព​ក្រីក្រ​នៅ​កម្ពុជា​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​មាន​ដូចជា ធនធានធម្មជាតិ និង​ បរិស្ថាន ​ផ្នែក​សេវាកម្ម​ រដ្ឋបាល ​និង​សន្តិសុខ​, ផ្នែក​យេនឌ័រ ,​ផ្នែក​សេដ្ឋកិច្ច ផ្នែក​សង្គមកិច្ច។

លោក គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍​ស្ដីពី​ការអភិវឌ្ឍន៍ ហត្ថា​រចនា​សម្ព័ន្ធ​នានា​ក្នុងស្រុក​ស្ទោង ដោយមាន​ជា​រួម គឺ​ការ​ជួសជុល​ប្រព័ន្ធ​ប្រឡាយ​ទឹក ស្តា​ប្រឡាយ​ទឹក ការ​បង្កើត​ប្រព័ន្ធ​ប្រឡាយ​ថ្មី ការបង្កើត​ធារាសាស្ត្រ ទំនប់ទឹក​ដែល​អូស​ចេញពី​ទំនប់​មេ​៣០​កញ្ញា សម្រាប់​ធ្វើ​ស្រែប្រាំង គម្រោង​នៃ​ការ​នាំ​អង្ករ​ចេញ​របស់​រាជរដ្ឋាភិបាល ការ​ជួសជុល​ស្ពាន​ចាស់​ និង​សាងសង់​ស្ពាន​ថ្មី ផ្លូវជាតិ ផ្លូវ​បេតុង ផ្លូវ​គ្រួស​ក្រហម​ទៅតាម​ភូមិ ឃុំ ស្រុក​ និង​ទី​ជនបទ ព្រមទាំង ការ​បញ្ចុះ​តំលៃ​ភ្លើង​អគ្គិសនី​ឲ្យ​នៅ​ក្នុង​តំលៃ​សមរម្យ​ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន។ ជា​ចុង​ក្រោយ​លោក​បាន​ក៏បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ស្រុក និង​មន្ត្រីរាជការ​ជុំវិញ​ស្រុក​ដែល​បាន​សហការ​គ្នា​អនុវត្តន៍​ការងារ​កន្លងមក​ទទួល​បាន​លទ្ធផល​ល្អ​ ព្រមទាំង​ផ្ដាំផ្ញើ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ចាប់ពី​ថ្នាក់​ភូមិ ឃុំ ស្រុក ខេត្ត ក្នុង​ការ​អនុវត្តន៍​ការងារ​ក្នុង​កម្មវិធី​វិនិយោគ​នេះ​ឲ្យ​បាន​ទទួល​ជោគជ័យ៕​

​ ​ដោយ ប៊ុន រដ្ឋា

Post a Comment

0 Comments

Close Menu