Ad Code

ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ​មាន​ការងារ​ធ្វើ​ក្រៅ​ពី​មុខរបរ​កសិកម្ម​ប្រមាណ​ជាង​៤០.០០០​នាក់


ស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង​កាលពី​សង្គមចាស់​ប្រកប​របរ​តែ​ធ្វើស្រែ​បាន​បន្តិច​បន្តួច​ និង​ឡើងត្នោត​ធ្វើ​ស្ករត្នោត​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ ក្រៅពី​មុខរបរ​ធ្វើស្រែ​មានតែ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​គេ​ ឬ​ធ្វើ​ការងារ​សំណង់​នៅ​ក្រៅ​ខេត្ត​ និង​ប្រទេសជិតខាង។ ប៉ុន្តែ​ឥឡូវ​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង​មាន​ការងារ​ធ្វើ​ក្រៅពី​មុខរបរ​កសិកម្ម​ប្រមាណ​ជាង​៤០.០០០​នាក់​ហើយ​បើ​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៤​នេះ។ លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​។ ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ទូទាំង​ខេត្តស្វាយរៀង​យើង​មាន​រោងចក្រ​សហគ្រាស​និង​ផ្នែក​ផលិតកម្ម​ផ្សេងៗ​រួមមាន ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​សំលៀកបំពាក់​ និង​ដេរ​ស្បែក​ជើង​មាន​៣០​រោងចក្រ​ ផ្នែក​ផលិតកម្ម​ផ្សេងៗ​មាន​២៥​កន្លែង ​ផ្នែក​កាស៊ីណូ សណ្ឋាគារ​មាន​១៩​កាស៊ី​ណូ​ ផ្នែក​សន្តិសុខ​ឯកជន​មាន​៥​ក្រុមហ៊ុន​ ផ្នែក​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​១១​កន្លែង ​និង​ផ្នែក​សេវាកម្ម​ផ្សេងៗ​៤​កន្លែង​ទៀត​សរុប​ទាំងអស់​៩៤​រោងចក្រ​ សហគ្រាស​អាច​ផ្ដល់​ការងារ​ជូន​កូនចៅ​ប្រជា​ពល​រដ្ឋ​មានការ​ងារ​ធ្វើ​សរុប​ចំនួន​៤៣,០១៣​នាក់​ ស្រី​ចំនួន​២៩,៨៦៧​នាក់​នេះ ​គិត​ត្រឹម​ខែវិច្ឆិកា ​ឆ្នាំ​២០១៤​។ លោក ហាស់ ប៊ុន​ធី​បាន​បន្ត​ថា ដោយ​អនុវត្ត​តាម​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​នឹង​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​គ្រប់​វិស័យ​ជាពិសេស​ការ​អភិវឌ្ឍ​វិស័យ​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​លក្ខខណ្ឌ​ការ​ងារ​បង្កើន​ឱកាស​ការងារ​ បង្កើត​បរិយាកាស​ការងារ​ពង្រឹង​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជា​ជីវៈ​និង​ពង្រីក​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជា​ជីវៈ​ឲ្យ​សមស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ចីរភាព​ដូច​រំលេច​ឡើង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​កំណើន​ការងារ សមធម៌​ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​របស់​រាជរដ្ឋាភិបាល​នីតិ​កាល​ទី​៥​នៃ​រដ្ឋសភា​ ជាពិសេស​នៅក្នុង​ចតុ​កោណ​ទី​៣​ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ និង​ការងារ​ចតុកោណ​ទី​៤​ស្ដីពី​ការ​កសាង​សមត្ថភាព​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស៕
គឹម សេង​

Post a Comment

0 Comments

Close Menu