Ad Code

តុលាការ​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​និង​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់

ស្ទឹងត្រែង ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​និង​ការប្រើ​ឧបករណ៍​នេសាទ​ឆក់​ត្រី​ខុសច្បាប់​ដែល​កំលាំង​ខណ្ឌ​រដ្ឋ​បាល​ជលផល​ស្ទឹងត្រែង សហការ​ជាមួយ​ឆ្មាំ​ទន្លេ​ត្បូង​ខ្លា ឆ្មាំ​ទន្លេ​កោះ​ជ្រឹម ចុះ​ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​៧ មករា ឆ្នាំ​២០១៥​នៅ​ចំណុច​កោះ​ឈើទាល ស្ថិត​ក្នុង​ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក​នោះ នៅ​ល្ងាច​ថ្ងៃទី​៩​មករា​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន។

លោក​ដៀប បូរ៉ា​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​មន្ត្រី​ជលផល​ឃាត់ខ្លួន​មាន​ទី១ឈ្មោះ​សា​វែង បុ​ន្នី អាយុ​៣០ឆ្នាំ ទី​២-ឈ្មោះ​សាន់ ចាន់ថន​អាយុ​២៦​ឆ្នាំ​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ។
លោក​នាយរង​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​គឺ​ខាងលើ​យោងទៅតាម​សេចក្តី​ប្រកាស​ហាម​សាជាថ្មី​ដល់​អ្នកនេសាទ​ឲ្យ​បញ្ឈប់​ការ ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​និង​ការ​ធ្វើ​នេសាទ​នៅ​តាម​អន្លង់​អភិរក្ស​ពូជ​ត្រី​និង​ត្រី​ផ្សោត​ដើម្បី​យើង​រួមគ្នា​ថែរក្សា​ធនធាន​មច្ឆា​ជាតិ​ឲ្យ​សំបូរ​ឡើងវិញ តែ​ជនសង្ស័យ​២​នាក់​នេះ នៅតែ​ប្រព្រឹត្ត​ត្រូវតែ​ប្រឈម​ចំពោះមុខ​ច្បាប់។
លោក​ដៀប​បូរ៉ា​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ទៀត​ថា កន្លងមក​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ច្បាប់​ជលផល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប​ដល់​មូលដ្ឋាន​រួច​អស់ហើយ តែ​បុគ្គល​មួយចំនួន​នៅតែ​លួចលាក់ ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​ឧ​បករ​ណ៍ ឆក់​អួន​និង​ដាយ​ជាដើម​ទើប​ឆ្មាំ​ទន្លេ​រក​ឃើញ​ធ្វើការ​ឃាត់ខ្លួន​បែបនេះ។
លោក​នាយរង​ខណ្ឌ​បាន​ហាម​ដល់​ប្រជា​អ្នកនេសាទ​ទាំងអស់​ឲ្យ​បញ្ឈប់ ការប្រើ ឧ​បករណ៍​ខុសច្បាប់ និង​ធ្វើ​នេសាទ​តាម​កន្លែង​អន្លង់​អភិរក្ស ហើយ​ប្រើប្រាស់​ឧបករណ៍​ស្របច្បាប់​ជា​លក្ខណៈ​គ្រួសារ​វិញ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​ប្រើប្រាស់​ឧបករណ៍​ជា​លក្ខណៈ​គ្រួសារ ហើយ​ហ្នឹង​ហាម​ផ្តាច់​គឺ​មិន​ឲ្យ​ប្រើ​ឧបករណ៍​ខុសច្បាប់ ដូចជា​ឆក់​ត្រី គប់​គ្រាប់បែក ឆ្នាំ​បំពុល ជាពិសេស​ហាម​ផ្តាច់​មិន​ប្រើ​នៅ​អន្លង់​អភិរក្ស​តាម​ដង​ទន្លេមេគង្គ​និង​តាម​ដង​ទន្លេ​ដទៃទៀត។
លោក​មិនា​នៅ​ភូមិ​ឃុំ​ត្បូង​ខ្លា​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​បាន​និយាយ​ថា ពិតជា​មាន​អ្នក​ដែល​លួចលាក់​ធ្វើ​នេសាទ​ខុសច្បាប់ ទោះ​ជា​មាន​មន្ត្រី​ជលផល​ចាប់ខ្លួន​ជនល្មើស​បាន​ជា​បន្តបន្ទាប់​ក៏ដោយ ហើយ​សកម្មភាព​ល្មើស​ទាំងនេះ សូមកុំ​ឲ្យ​កើតមាន​ទៀត សុំ​ឲ្យ​ងាក​មក​ចូលរួម អនុវត្ត​ច្បាប់​ទាំងអស់គ្នា បើ​យើង​ធ្វើ​ខុសច្បាប់​អាច​បំផ្លាញ​អស់​ធនធាន​មច្ឆា​ជាតិ អញ្ចឹង​យើង​រួមគ្នា​ទុក​ថែរក្សា​ទាំងអស់គ្នា​កុំ​ឲ្យ​មាន​ដូច​ជា​ប្រដាប់​ឆក់​ដូចជា​អួន,មង​និង​ដាយ​សុំ​កុំ​ឲ្យ​មាន។
ជាក់ស្តែង​ដូចជា​ជនសង្ស័យ​២​នាក់​ខាងលើ ពាក់ព័ន្ធ​និង​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដោយសារ​មានការ​ផ្សព្វផ្សាយ​នៅពេល​ថ្មីៗ​នេះ​ហើយ គឺ​ពួកគេ​នៅតែ​ប្រព្រឹត្ត ទើប​ប្រឈម​និង​ច្បាប់។ នៅ​ល្ងាច​ថ្ងៃទី​៩​ខែមករា​នេះ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ព័ន្ធ​ធនាគារ​កាំ​ង​មេម៉ាយ​ជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ធ្វើការ​ស៊ើបអង្កេត​បន្ត៕
ងិន លីម

Post a Comment

0 Comments

Close Menu