ភ្នំពេញ ៖ បន្ទាប់ពីរឿង«ស្នេហ៍អច្ឆរិយ» និងរឿង«អាព្រឿងងាប់ហើយ» ដែលបានដាក់បញ្ចាំងកាលពី ឆ្នាំ២០១៤កន្លងមកនោះ ពេលនេះផលិតកម្មមហាហង្សបានចាប់ផ្ដើមផលិតវណ្ណកម្មខ្សែភាពយន្ត ខ្នាតធំរឿង «ខ្មោចទឹក» ដែលជាស្នាដៃទី៣ក្រោមគម្រោងចំណាយទុនប្រមាណជិត១០ម៉ឺនដុល្លារ។
នៅក្នុងពិធីក្រុងពាលីបើកកាមេរ៉ាផលិតខ្សែភាពយន្តរឿង «ខ្មោចទឹក» ដែលធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបាននិយាយឲ្យដឹងថា ខ្សែភាពយន្តរឿង «ខ្មោចទឹក» គឺជាខ្សែភាពយន្តខ្នាតធំវណ្ណកម្មទី៣របស់ផលិតកម្មមហាហង្សដែលនឹងត្រូវផលិតឡើងក្រោមការបង្កើនគុណភាពឲ្យកាន់តែខ្ពស់លើសពីខ្សែភាពយន្តមុនៗដែលផលិតកម្មនេះបានផលិតឡើង។
លោក អ៊ិន សុភិន ក៏បានបញ្ជាក់ឲ្យដឹងដែរថា ខ្សែភាពយន្តរឿង«ខ្មោចទឹក» មានអត្ថន័យ សាច់រឿងល្អទាក់ទាញដោយគ្រប់ផ្នែកនៃបច្ចេកទេស ត្រូវបានបង្កើនទាំងគុណភាពកាមេរ៉ាសម្លេង បច្ចេកទេសកាត់ត និងប្លង់រូបភាពជាដើមនឹងត្រូវយកចិត្តទុកដាក់លើការផលិតឲ្យកាន់តែខ្ពស់ជាង មុនជាមួយនឹងគម្រោងចំណាយពេលផលិតប្រមាណ៣ខែ និងចំណាយទុនប្រមាណពី៧ទៅ៩ម៉ឺន ដុល្លារអាមេរិកដោយគ្រោងនឹងធ្វើការដាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅក្នុងប្រទេសកម្ពុជា នៅអំឡុងពាក់កណ្ដាលឆ្នាំ២០១៥ខាងមុខនេះផងដែរ។
ចាងហ្វាងផលិតកម្មមហាហង្សរូបនេះក៏បានឲ្យដឹងទៀតថា ក្រៅពីនេះរឿង«ខ្មោចទឹក»ក៏ មានការសម្រិតសម្រាំងទៅលើតារាសម្ដែងថែមទៀតដោយក្នុងនេះតួឯកស្រីពីរដួងគឺកញ្ញា នី មុនីនាថ និងកញ្ញា ភិន សុដាលីស ក៏ត្រូវបានជ្រើសរើសមកសម្ដែងដោយជួបជាមួយតួឯកប្រុស លោក ភឹម តារាវិបុល រួមជាមួយតារាជាច្រើនដួងទៀត។ លោក អ៊ិន សុភិន បង្ហាញថា ខ្សែភាពយន្តរឿង «ខ្មោចទឹក» ជាខ្សែភាពយន្តដែលមានគ្រប់រសជាតិទាំងកំប្លែង កំសត់ និងភ័យព្រឺព្រួចដែលផលិតកម្មមហា ហង្សផលិតឡើងដើម្បីតម្រូវទៅតាមទីផ្សាររបស់ទស្សនិកជននៅកម្ពុជាបច្ចុប្បន្នតែម្ដង។
កញ្ញា នី មុនីនាថ បានប្រាប់ឲ្យដឹងដែរថា ក្នុងខ្សែភាពយន្តរឿង «ខ្មោចទឹក»នេះនាងនឹងត្រូវសម្ដែងជាតួអង្គឈ្មោះ«ចំប៉ី» ដែលមានចារិកស្លូតបូត ហើយត្រូវបានគេចាប់រំលោភរួចសម្លាប់បោះចោលទៅក្នុងទឹករហូតក្លាយជាខ្មោចទឹកលងអ្នកភូមិ។ តារាស្រីដែលជាប់ងារជាតារាទឹកភ្នែករូបនេះ បានឲ្យដឹងទៀតថា នេះជាលើកទី១ហើយដែលនាងបានសម្ដែងរួមជាមួយ កញ្ញា ភិន សុដាលីស។ នាងប្រាប់ថា នឹងខិតខំសហការគ្នាសម្ដែងឲ្យបានល្អព្រោះសុទ្ធតែជាអ្នកដែលឆ្លងកាត់ការសម្ដែងជាច្រើនរឿងដូចគ្នា ហើយនាងក៏រំពឹងដែរថា ខ្សែភាពយន្តរឿង «ខ្មោចទឹក» នឹងក្លាយជាខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្ពស់ពីទស្សនិកជនផងដែរ។
ចំណែកកញ្ញា ភិន សុដាលីស វិញក៏បាននិយាយឲ្យដឹងដែរថា នេះគឺជាលើកដំបូងហើយដែលនាងបានសម្ដែងរួមគ្នាបះជាមួយនឹងកញ្ញា នី មុនីនាថ។ នៅក្នុងសាច់រឿងនេះនាងត្រូវសម្ដែងជាប្អូនស្រីបង្កើតរបស់កញ្ញា នី មុនីនាថ។ដូចគ្នានឹងការរំពឹងទុករបស់កញ្ញា នី មុនីនាថ ដែរ កញ្ញា ភិន សុដាលីស និយាយថា នៅពេលដាក់បញ្ចាំងរឿង«ខ្មោចទឹក» នឹងទទួលបានការគាំទ្រពីទស្សនិកជន ច្រើនជាក់ជាមិនខាន៕
នរសិង្ហ

0 Comments