Ad Code

បុរស​ម្នាក់​សង្ស័យ​ត្រូវ​គេ​សម្លាប់​យក​សព​មក​ទម្លាក់​ក្នុង​ស្រះ​ឡើង​ហើម​ស្អុយ​មើល​លែង​ស្គាល់​


បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ប្រទះឃើញ​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹក​នៅក្នុង​ស្រះ​មួយ​កន្លែង​ក្នុង​ស្រុក​មង្គលបូរី​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ​រួចមក​ឃើញថា​បុរស​រូប​នេះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម។
ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្រះ​ឈូក កណ្ដាល​វាលស្រែ ចម្ងាយ​ពី​ភូមិ​ប្រហែល​១​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។ លោក ស៊ី ឌី អធិការ​នគរបាល​ស្រុក​មង្គល​បូរី ប្រាប់​ឲ្យ​ដឹង​ថា​ សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​មក​ត្រួត​ពិនិត្យ​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​មាន​ឈ្មោះ លីន ឡងឌី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល និង​មាន​ប័ណ្ណ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ មួយ​សន្លឹក​ទៀត​ផង​ដែរ។ សព​មាន​ស្នាមរបួស​ត្រូវ​គេ​វាយ​ដោយ​វត្ថុ​រឹង​ចំ​ថ្ងាស និង​រយះ​បែក​មាត់ ថែមទាំង​បាក់​ក​ទៀត​ផង​។​ សព​មាន​សភាព​ហើម​ស្អុយ សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ត្រូវ​គេ​វាយ​សម្លាប់​យក​ទម្លាក់​ចោល​ក្នុង​ទឹក​ស្រះ​មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ។ លោក​អធិការ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សព​ជនរងគ្រោះ​បន្ទាប់មក​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​មក​រក្សាទុក​នៅក្នុង​វត្ត ក្នុងស្រុក​មង្គល​បូរី ហើយ​សមត្ថកិច្ច​បាន​ទំនាក់​ទំនង​ក្រុម​គ្រួសារ​នៅ​ខេត្តកណ្តាល​ឲ្យ​មក​ទទួលយក​សព ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី។ ករណី​អំពើ​ឃាតកម្ម​នេះ សមត្ថកិច្ច​កំពុង​រង់ចាំ​ការសាកសួរ​ពី​ក្រុម​គ្រួសារ ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ចាប់​ឃាត់ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕
គង្គា​

Post a Comment

0 Comments

Close Menu