Ad Code

អភិបាលក្រុង​ឡូ​វែ​ល​សហរដ្ឋអាមេរិក​នឹង​មក​ទស្សនកិច្ច​រាជធានី​ភ្នំពេញ​រយៈពេល​៥​ថ្ងៃ

អភិបាលក្រុង​ឡូ​វែ​ល​សហរដ្ឋអាមេរិក​នឹង​មក​ទស្សនកិច្ច​រាជធានី​ភ្នំពេញ​រយៈពេល​៥​ថ្ងៃ
ភ្នំពេញ ៖ លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត (Rodney M. ELLIOTT) អភិបាលក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា​រយៈពេល​៥ ថ្ងៃ ហើយ​នៅ​ចុងបញ្ចប់ នឹង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ស្ដីពី​ការបង្កើត​ចំណង​មេត្រីភាព​រវាង​រាជធានី​ភ្នំពេញ ជាមួយ​ទីក្រុង​ឡូ​វែ​ល។

យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា តាម​ការ​អញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត (Rodney M. ELLIOTT) អភិបាលក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​ភ្នំពេញ ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥ ហើយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត នឹង​ចូល​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចូល​ជួប​សម្ដែង​ការគួរសម​ដាច់ដោយឡែក​ជាមួយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
សេចក្ដី​ជូន​ព័ត៌មាន​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​អំឡុង​ស្នាក់នៅ​រាជធានី​ភ្នំពេញ លោក រ៉ូ​ដ​នី អិ​ម​អ៊ី​លៀត នឹង​ជួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត ហើយ​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ស្ដីពី​ការបង្កើត​ចំណង​មេត្រីភាព​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ឡូ​វែ​ល ជាមួយ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ៕
កោះ​កែវ

Post a Comment

0 Comments

Close Menu