បន្ទាយមានជ័យ ៖ បឹងសម្រាប់ពលរដ្ឋនេសាទត្រីមួយកន្លែងក្នុងឃុំសំបួរ ដែលមានទំហំ២០០ម៉ែត្រ គុណនិង១០០ម៉ែត្រនោះ ត្រូវបានសហគមន៍នេសាទក្នុងភូមិខាងលើ ត្រូវបានគេហាមឃាត់ពលរដ្ឋ មិនឲ្យចូលនេសាទត្រីជាលក្ខណៈគ្រួសារដូចមុនៗឡើយ រហូតធ្វើអោយពលរដ្ឋជាង៣០០នាក់ គ្រោងផ្ទុះការតវ៉ាប្រឆាំងនិងមេសហគមន៍ខាងលើនោះតែម្តង។
សូមបញ្ជាក់ដែរថា បឹងដែលសហគមន៍ហាមឃាត់មិនឲ្យប្រជាពលរដ្ឋទៅនេសាទនោះ គឺស្ថិតនៅចម្ងាយពីស្ពានសំបួរចំនួន១០ម៉ែត្រប៉ុណ្ណោះ ទៅទិសខាងកើតស្ថិតនៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ខណៈពេលនេះ ទាំងមេភូមិ ទាំងប្រជាពលរដ្ឋក្នុងភូមិកើតហេតុខាងលើ កើតទុកមិនសុខចិត្តគ្រោងនាំគ្នាឡើងមកតវ៉ាដល់សាលាខេត្ត បន្ទាយមានជ័យ ដើម្បីរកយុត្តិធម៌ តាមរយៈនៃការធ្វើបាតុកម្មប្រឆាំងជាមួយសហគមន៍ខាងលើនោះតែម្តង ព្រោះសហគមន៍នេះ គ្រោងយកបឹង ឬហៅរហាល ដែលមានទំហំប្រវែងដូចខាងលើនោះ ទៅឲ្យឈ្មួញបូមទឹកយកត្រីទៅលក់បែបអានាធិបតេយ្យនាពេលខាងមុខនេះ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មានបឹងចំនួន២ ឬហៅថាជារហាលសម្រាប់នេសាទត្រីនោះ ត្រូវបានមេសហគមន៍ម្នាក់ ឈ្មោះ ស៊ាន និងបក្សពួករបស់ខ្លួនមួយចំនួនទៀត បានធ្វើការហាមឃាត់ពលរដ្ឋមិនឲ្យទៅនេសាទត្រីយកមកចិញ្ចឹមជីវិតនោះឡើយ នៅចំណុចបឹងរហាល ដែលមានទំហំ២០០ម៉ែត្រគុណនិង១០០ម៉ែត្រ ឯបឹងរហាលមួយផ្នែកទៀត គឺគេទុកសម្រាប់ឲ្យត្រីបន្តពូជ ឬហៅជាកន្លែងអភិរក្សសត្វត្រី ក៏ត្រូវបានមេសហគមន៍យកសំរ៉ាស់ ទៅដាក់ ហើយនាំគ្នាទៅយកពងត្រីទៅធ្វើអាជីវកម្ម លក់ដូរបែបអានាធិបតេយ្យទៅវិញ ប្រជាពលរដ្ឋបានបន្តទៀតថា ចាប់ពីមានសហគមន៍នៅក្នុងភូមិរបស់គាត់កាលណាមក គឺពួកគាត់មិនដែលបានត្រីយកមកទទួលទានគ្រប់គ្រាន់នោះទេ ឯឈ្មួញវិញ គឺគេដឹករាប់រយឡានទៅលក់យ៉ាងរំភើយគ្មានការហាមឃាត់ពីមន្ត្រីជំនាញឡើយ ពលរដ្ឋទាំងនោះសំណូមពរដល់ថ្នាក់លើ មេត្តាជួយធ្វើអន្តរាគមន៍ដល់ពួកគាត់ផង។
ទាក់ទិនក្នុងរឿងដែលនេសាទកម្ពុជាថ្មីបានជួបជាមួយ លោក ស៊ាន ប្រធានសហគមន៍ដែលរងនៅការចោទប្រកាន់ពីប្រជាពលរដ្ឋនោះរួចហើយ។ លោកបានអះអាងថា លោកពិតមានជាមានការហាមឃាត់មិនឲ្យប្រជាពលរដ្ឋទៅនេសាទនៅកន្លែងកើតហេតុនោះមែន លោក ស៊ាន បានបន្តទៀតថា មុនពេលកើតហេតុ លោកបានចូលរួមក្នុងអង្គប្រជុំជាមួយក្រុមប្រឹក្សាឃុំសំបួរ និងប្រជាពលរដ្ឋ ដើម្បីសំណូមពរពួកគាត់ទុកបាតបឹងសម្រាប់រកកម្រៃទៅធ្វើផ្លូវជូនប្រជាពលរដ្ឋទាំងអស់គ្នាធ្វើដំណើរងាយស្រួលតែប៉ុណ្ណោះ។ ប៉ុន្តែមានមួយចំនួនឯកភាពមួយចំនួនតូចទៀត ព្រមទាំងមេភូមិទៀតនោះ បានជំទាស់មិនធ្វើអ្វីទាំងអស់។ លោកបានបន្តទៀតថា ឥឡូវនេះលោកលែងខ្វល់អ្វីទាំងអស់ គឺទុកឲ្យប្រជាពលរដ្ឋចូលនេសាទត្រី ដូចដើមវិញអស់ហើយ៕
ពៅរី

0 Comments